ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅសង្កាត់គងនយ ខណ្ឌដង្កោ ទទូចសំណូមពរអាជ្ញាធរខណ្ឌដង្កោ ជួយពិនិត្យ និងដោះស្រាយ បញ្ហា ផ្លូវចូលវត្តសាក់សំពៅ បច្ចុប្បន្នកំពុងរងការខូចខាតយ៉ាងខ្លាំង ដោយឡែក ក្លោងទ្វារ វត្ត សាក់សំពៅ ក៏ស្ទើរបាក់បែកផងដែរ ដោយសារក្រុមរថយន្តដឹកដី ដឹកខ្សាច់បំផ្លាញ ។ ការដឹកជញ្ជូនដី ឬ ក៏ខ្សាច់នេះ ទៀតសោធមិនសូវបានគ្របអោយបានត្រឹមត្រូវនោះទេ ដែលធ្វើអោយជ្រុះអាចម៍ដី កំទេចខ្សាច់ កកពេញផ្លូវសាធារណៈ ខែភ្លៀងរអិល ចំណែកខែប្រាំងហ៊ុយដីទ្រលោម ដែលនាំអោយប៉ះពាល់បរិស្ថានទៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះ ក៏ដូចជា អ្នកដំណើរយ៉ាងខ្លាំង ។
ពលរដ្ឋរស់នៅសង្កាត់គងនយ ខណ្ឌដង្កោ រៀបរាប់ឲ្យភ្នាក់ងារកាសែតនគរវត្ត ដឹងថា បញ្ហាផ្លូវ គឺមិនបាច់និយាយទេ ខូចចង់អស់ហើយ ដោយឡែក ក្លោងទ្វារចូលទៅកាន់ វត្ត សាក់សំពៅ ក៏ស្ទើរបាក់បែកផងដែរ ដោយសារក្រុមរថយន្តដឹកដី ដឹកខ្សាច់ជាអ្នកបំផ្លាញ ។ រឿងផ្លូវវិញ ពេលខែប្រាំងដីហ៊ុយ ពេលភ្លៀងបែកភក់ជ្រាំ ធ្វើដំណើរទៅមកសឹងតែមិនចង់កើត បញ្ហានេះកើតមានរាប់ឆ្នាំមកហើយ ដែលធ្វើអោយពួកគាត់រស់នៅតំបន់នេះ ពិបាកខ្លាំងណាស់ ហូបបាយមិនចង់កើតនោះទេ ដោយសារដីហ៊ុយ ។ ពេលស្រែក ទើបគេស្រោចទឹកអោយម្តងម្កាលទៅ ប៉ុន្តែបើមិនស្រែកវិញ ក៏គេមិនខ្វល់នោះដែរ ។
ពលរដ្ឋប្រាប់បន្តថា អ្វីដែលពួកគាត់ចង់បាននោះ គឺសូមសំណូមពរអោយ អាជ្ញាធរជួយស្ថាបនាជាផ្លូវបេតុង និង ជួសជុល កសាងក្លោងទ្វារ វត្តសាក់សំពៅ អោយបានល្អស្អាតឡើងវិញ ពីព្រោះថា បច្ចុប្បន្ននេះ ផ្លូវក៏លំបាក និងជាពិសេស ណាមួយខ្លាចក្លោងទ្វារ វត្ត សាក់សំពៅ បាក់រលំទៀតផង ។
សូមបញ្ជាក់ឲ្យដឹងថា ក្រុមរថយន្តដឹកដី ដឹកខ្សាច់ បើកបរចេញពីរណ្តៅដី ការដ្ឋានបូមខ្សាច់ជាច្រើនទីតាំង នៃស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយបើកបរឆ្លងកាត់សង្កាត់ព្រែកកំពឹស សង្កាត់គងនយ និងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ភាគច្រើនមិនគ្របអោយបានល្អនោះទេ ។ ក្រុមរថយន្តដឹកដី ដឹកខ្សាច់ទាំងអស់នេះ ក៏តែងតែបង្កផលប៉ះពាល់ បរិស្ថានទូទៅ ក៏ដូចជាបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ផងដែរ ដោយសារបើកបរលឿនខ្វះការប្រុងប្រយ័ត្ន ជាពិសេសក្រុមរថយន្តដឹកដី ដឹកខ្សាច់ទាំងអស់នេះ ភាគច្រើន គឺគ្មានស្លាកលេខទៀតផង ។
ចំពោះបញ្ហារឿងក្រុមរថយន្តដឹកដី ដឹកខ្សាច់នេះ ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌដង្កោ កាលពីកន្លងទៅ ដោយសារតែទ្រាំមិនបានទៅនិងសកម្មភាពដឹកដីបំផ្លាញផ្លូវសាធារណៈ និងប៉ះពាល់បរិស្ថាន ពួកគាត់ក៏បានប្រតិកម្មសម្រេចចិត្តលើកគ្នាបិទផ្លូវមិនអោយក្រុមរថយន្តដឹកដី ក្រុមហុ៑ន លី គឹមហេង និងក្រុមហុ៑ន ទ្រី សៀម៉ី និងក្រុមហ៊ុន ៣ទៅ៤ផ្សេងទៀត មិនអោយបើកបរឆ្លងកាត់ក្នុងភូមិរបស់ពួកគាត់បន្តទៀត ។
មន្ត្រីសាលាសង្កាត់សាក់សំពៅធ្លាប់ប្រាប់អោយដឹងថា ម្ចាស់ក្រុមហុ៑នធំៗ ដែលមានរថយន្តដឹកដីធ្វើអោយខូចផ្លូវសាធារណៈ និងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះ មានចំនួន ២ ក្រុមហ៊ុនធំៗ រួមមាន ក្រុមហុ៑ន លី គឹមហេង និងក្រុមហុ៑ន ទ្រី សៀម៉ី និងមាន ៣ទៅ ៤ក្រុមហុ៑នផ្សេងទៀតផងដែរ បច្ចុប្បន្នកំពុងបើកបររថយន្តដឹកដីឆ្លងកាត់មូលដ្ឋានខណ្ឌដង្កោ ។
ជារៀងរាល់ថ្ងៃប្រជាពលរដ្ឋពិបាករស់នៅណាស់ ដោយសារមួយថ្ងៃៗឃើញរថយន្តដឹកដីជាច្រើនគ្រឿង បានបើកបរឆ្លងកាត់ក្នុងភូមិរបស់ពួកគាត់ក្នុងល្បឿនលឿនៗ បង្កឲ្យដីហ៊ុយទ្រលោម ពេលខ្លះហូបបាយស្ទើរមិនកើត ពីព្រោះដីហ៊ុយខ្លាំងពេក ៕
ដោយ៖ ភារ៉ា ដង្កោ