ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែននិងម៉ូតូបុកគ្នា

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ​ ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តប្រភេទបែននឹងម៉ូតូ នាវេលាម៉ោង១៥និង១០នាទីរសៀល ថ្ងៃទី២៥ ខែមិថុនា​ ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១២១០ ស្ថិតក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល 

    មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះ​ យី សុខគា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាលបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុន សេ១២៥ ពណ៌ខៀវ ពាក់ស្លាកលេខកណ្ដាល1T-5349។ ចំណែកភាគីខាងរថយន្តម៉ាកនីស្សាន់ ពណ៌ស ប្រភេទបែន ពាក់ស្លាកលេខ ចង្កូតស្តាំ PP-0926 (អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ស្រមោល)។ 

    ប្រភពដដែលបន្តទៀតថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្តប្រភេទបែនខាងលើ បានបើកតាមបណ្ដោយផ្លូវលេខ១២១០ក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងបើកច្រាសទិសគ្នា ពីលិចមកកើត ហើយបត់ត្រឡប់ក្រោយកាត់ពីមុខរថយន្ត បណ្ដាលឱ្យរថយន្តគេចមិនទាន់ក៏បុក ធ្វើឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង រីឯអ្នកបើកបររថយន្តបានឈប់រថយន្តចោល​ រួចរត់គេចខ្លួនបាត់ទៅ 

      ក្រោយមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញចរាចរណ៍ស្រុកស្អាង បានចុះដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យ​ និងវាស់វែងកន្លែងកើតហេតុហើយសន្និដ្ឋានថា ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។ 

     បន្ទាប់ពីធ្វើការពិនិត្យចប់ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី រីឯមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចជំនាញកសាងឯកសារយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ស្អាងជ័យ


ចែករំលែក៖