ព័ត៌មានទាន់ហេតុការណ៍៖

បន្ទប់សណ្ឋាគារចំនួន៧៥.០០០ បន្ទប់នៅឥណ្ឌា មិនអនុញ្ញាតឲ្យជនជាតិចិនស្នាក់នៅឡើយ

ចែករំលែក៖

វិវាទព្រំដែននាពេលនេះបានក្លាយទៅជាវិវាទជាតិសាសន៍រវាងឥណ្ឌា នឹងចិន ដោយពេលនេះបណ្តាភោជនីយដ្ឋាន សណ្ឋាគារល្បីៗនៅទីក្រុងញូវដេលី បានសម្រេចមិនឲ្យជនជាតិចិនចូលបរិភោគអាហារឬស្នាក់នៅក្នុងសណ្ឋាគារឡើយ។
សារព័ត៌មាន AFP នៅថ្ងៃទី២៦ ខែមិថុនា បានផ្សាយថា ក្រោយការប៉ះទង្គិចគ្នានៅតំបន់ព្រំដែន បណ្តាលឲ្យទាហានឥណ្ឌា២០នាក់ស្លាប់នោះមក ពលរដ្ឋឥណ្ឌាក៏បាននាំគ្នាឈប់ប្រើប្រាស់ផលិតផលរបស់ចិនដែរ។ មិនតែប៉ុណ្ណោះ ក្រុមអ្នករកស៊ីធំៗលើវិស័យភោជនីយដ្ឋាន និងសណ្ឋាគារ ក៏បានសម្រេចឈប់ឲ្យជនជាតិចិនស្នាក់នៅផងដែរ។
កាលពីពេលថ្មីៗនេះសមាគមភោជនីយដ្ឋាន និងសណ្ឋាគារនៅទីក្រុងញូវដេលី បានជួបប្រជុំគ្នា ហើយបានសម្រេចមិនផ្តល់សេវាកម្មដល់អ្នកទេសចរជនជាតិចិនឡើយ។
លោក Sandeep Khandelwal ប្រធានសមាគមភោជនីយដ្ឋាននិងសណ្ឋាគារនៅទីក្រុងញូវដេលីបានប្រកាសថា មានបន្ទប់សណ្ឋាគារ ដល់ទៅ៧៥.០០០បន្ទប់មិនទទួលអ្នកទេសចរជនជាតិចិនឡើយ ដែលជាការប្រឆាំងនឹងសកម្មភាពរបស់ចិននៅតាមបណ្តោយព្រំដែនឥណ្ឌា។
តាមតួលេខបង្ហាញឲ្យឃើញថា មានអ្នកទេសចរចិនប្រមាណតែ៣សែននាក់ប៉ុណ្ណោះទៅធ្វើទស្សនកិច្ចនៅឥណ្ឌា។ ប៉ុន្តែដោយសារតែមានករណីឆ្លងកូវីដ-១៩ច្រើនទើបធ្វើឲ្យអ្នកទេសចរចិនមានតិចតួចប៉ុណ្ណោះទៅកាន់ឥណ្ឌា។
ចំណែកវិស័យពាណិជ្ជកម្មទ្វេភាគីវិញមានទឹកប្រាក់ប្រមាណ៩០ពាន់លានដុល្លារ ក្នុងនោះទំនិញចិននាំចូលឥណ្ឌាមានទឹកប្រាក់ ៥០ ពាន់លានដុល្លារ៕ដោយ៖ធី រីណា


ចែករំលែក៖