ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវដល់ទីក្រុងព្យុងយ៉ាងជួបពិភាក្សាស្វែងរកសន្តិភាព

ចែករំលែក៖

ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអុីនបានអំពាវនាវដល់ទីក្រុងព្យុងយ៉ាងនិងទីក្រុងសេអ៊ូលបញ្ចប់សង្គ្រាមឧបទ្វីបឆ្នាំ១៩៥០-១៩៥៣ តាមរយៈកិច្ចពិភាក្សាស្តីពីសន្តិភាព។

លោកមូនបានលើកឡើងថា ដំណើរឆ្ពោះទៅរកសន្តិភាពឧបទ្វីបកូរ៉េកំពុងតែរងការគំរាមកំហែង ។
មានប្រសាសន៍នៅក្នុងទីតាំងយោធា ក្នុងទីក្រុងសេអ៊ូល នាឱកាសខួប៧០ឆ្នាំថ្ងៃផ្ទុះសង្គ្រាមឧបទ្វីបកូរ៉េ ប្រធានាធិបតី មូន ជេអុីន បានលើកឡើងថា «យើងមិនដែលបានប្រារព្ធទិវានៃការផ្ទុះសង្គ្រាមនៅឧបទ្វីបកូរ៉េដោយពេញលេញព្រោះតែសង្គ្រាមមិនទាន់បញ្ចប់»។
ប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់យ៉ាងច្បាស់ថា សង្គ្រាម អូសបន្លាយរយៈពេល៣ឆ្នាំទើបបញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់មិនមែនសន្ធិសញ្ញាសន្តិភាពនោះឡើយ។ ហេតុដូច្នេះតាមផ្លូវច្បាប់ឧបទ្វីបកូរ៉េស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាមនៅឡើយ មិនទាន់បញ្ចប់នោះទេ។
ប្រធានាធិបតីកូរ៉េខាងត្បូងបានលើកឡើងថា «យើងកំពុងតែព្យាយាមស្វែងរកសន្តិភាពដើម្បីបានរស់នៅដោយសុខសាន្តជាមួយគ្នា។ យើងនៅតែខិតខំស្វែងរកសន្តិភាពដើម្បីផលប្រយោជន៍និងស្ថិរភាព ការរីកចម្រើនរបស់ប្រទេសទាំងពីរ»៕ដោយ៖ធី រីណា


ចែករំលែក៖