ភ្នំពេញ៖ បច្ចុប្បន្ននេះយើងសង្កេតឃើញថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញឲ្យអភិបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ពីបញ្ហាការកកស្ទះតាមដងផ្លូវ នឹងធ្វើការណែនាំឲ្យក្រុមអាជីវកលក់ដូរតាមបណ្ដាមហាវិថីតូចធំនិងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ ពុំត្រូវរំលោភលើចិញ្ជើមផ្លវលើស១ភាគ៣នៃចិញ្ជើមផ្លូវឡើយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាទុកចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរជើង ជាពិសេសសម្រាប់ជនពិការភាពធ្វើដំណើរ ។ ដូច្នះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌត្រូវចុះប្រតិបត្តិការ ដើម្បីចាត់វិធានការក្ដៅ ចំពោះអ្នកចតរថយន្តលើចិញ្ជើមផ្លូវ ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក បានឲ្យកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ចុះណែនាំកន្លែងលក់រថយន្ត ស្ថិតតាមបណ្ដោយផ្លូវលេខ ១៣៤ ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ដោយមានចាក់សោខ្នោះកង់រថយន្តជាច្រើនគ្រឿង ដែលចតលើផ្លូវគ្មានសណ្តាប់ធ្នាប់ផងដែរ ។
ក្រោយបញ្ចប់ប្រតិបត្តិការ អាជ្ញាធរបានស្ទួចរថយន្តចំនួន២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីឲ្យម្ចាស់យានយន្តចូលដោះស្រាយ និងផាកពិន័យ តាមផ្លូវច្បាប់ ។
គួរំលឹកថា យោងតាមផេកហ្វេសប៊ុកជាផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជូនដំណឹងថាដោយប្រទេសជាតិទទួលបានសុខសន្តិភាព មានការអភិវឌ្ឍន៍ រីកចំរេីនកាន់តែខ្លាំង ទទួលបានការជឿទុកចិត្តជាច្រេីនពីសំណាក់អ្នកវិយោគទុនបរទេសជាពិសេសកំណេីនប្រជាពលរដ្ឋចូលមករស់នៅក្នុងរាជធានីភ្នំពេញ កាន់តែច្រេីនឡេីង ក៏ដូចជាកំណេីននៃការប្រេីប្រាស់ ម៉ូតូនិងរថយន្ត នៅក្នុងរាជធានីភ្នំពេញ ដែលជាកត្តាចម្បងបណ្តាលឲ្យមានការកកស្ទះចរាចរណ៍តាមបណ្តោយផ្លូវមួយចំនួន ។ ហេីយម្យ៉ាងវិញទៀតការកកស្ទះ ក៏បណ្តាលមកពីការឈប់ ឬក៏ចតរថយន្តដោយគ្មានសណ្តាប់ធ្នាប់ ជាពិសេសគឺឈប់ ឬចតនៅកន្លែងទីតាំងដែលមានស្លាកសញ្ញាហាមឃាត់ ។
ដូច្នេះដេីម្បីជួយសហការក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាធ្វេីឲ្យទីក្រុងមានសោភ័ណ្ឌភាពល្អសូមបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រេីប្រាស់យានយន្តគ្រប់ប្រភេទមេត្តាជួយចូលរួមគោរពច្បាប់ចរាចរណ៍ជាពិសេសឡានរបស់អង្គភាពមួយចំនួនដូចជា៖ រថយន្តដែលពាក់ស្លាកលេខន.ប ; ខ.ម និងស្លាកលេខរដ្ឋជាដេីម ត្រូវធ្វេីជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅ ដោយមិនឈប់ ឬចតនៅទីកន្លែងដែលមានស្លាកសញ្ញាហាមឡេីយ៕
ដោយ៖រ៉ា រ៉ា