ខេត្តបន្ទាយមានជូយ ៖ រោងសិប្បកម្មកែច្នៃទ្វារបង្អូច១កន្លែងនៅភូមិវត្តថ្មី ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យត្រូវបានអគ្គិភ័យបំផ្លាញខ្ទេចខ្ទីអស់គ្មានសល់ នៅវេលាម៉ោង២និង៣០នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ។
សមត្ថកិច្ចនគរបាលស្រុកមង្គលបុរីបានឲ្យដឹងថានៅមុនកើតហេតុនោះប្រជាពលរដ្ឋដែលនៅជិតបានឃើញហេតុការណ៍ផ្ទាល់ថាដោយសារដើមចេកដែលនៅជិតរោងសិប្បកម្មនេះបានដួលទៅប៉ះខ្សែភ្លើង ហើយកកិតនិងស័ង្កសី បណ្តាលឲ្យទុស្សេខ្សែភ្លើង ក្លាយជាអណ្តាតភ្លើងឆាបឆេះរោងសិប្បកម្មតែម្ដង។ខណ: ភ្លើងកំពុងឆេះនោះមានរថយន្តដឹកទឹករបស់អធិការដ្ឋាននគរបាលស្រុក១គ្រឿងនិង កម្លាំងកងរាជអាវុធហត្ថស្រុកកម្លាំង រដ្ឋបាលស្រុកមង្គលបូរី និងប្រជាពលរដ្ឋជាច្រើននាក់បានពួតដៃគ្នាពន្លត់ភ្លើងយ៉ាងសស្រាក់សស្រាំ។មួយសន្ទុះក្រោយមកភ្លើងបានរលត់ជាស្ថាពរ ដោយមិនរាលដាលឆ្លងដល់ផ្ទះជិតខាងបន្តទៀតឡើយ។
សម្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាទ្រព្យសម្បត្តិដែលត្រូវខូចខាតមានរោងសិប្បកម្មកែច្នៃទ្វារ បង្អូច របស់ឈ្មោះ លីម ប៊ុនលី ភេទ ប្រុស អាយុ ៤៩ឆ្នាំ ប្រពន្ធឈ្មោះ ធូ ឆាន់ ភូមិវត្តថ្មី ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលមានបណ្តោយ ៨ម៉ែត្រ ទទឹង ៦ម៉ែត្រ ឆេះអស់ប្រហែលជា៥០% ទ្វារអស់ចំនួន ១០០ សន្លឹក បង្អូចអស់ចំនួន ១០០ សន្លឹក ឆ័ត្រណាអស់មួយចំនួនសរុបជាទឹកប្រាក់ប្រហែលជា ២១៤០០ដុល្លារឯណោះ៕ដោយ៖ប្រាថ្នា