ខេត្តកំពង់ចាម៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឱ្យដឹងថា៖ គិតមកត្រឹមថ្ងៃព្រហស្បតិ៍ ១២កើត ខែ អាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០ ល្បឿនការងារបង្កបង្កើនផលរដូវវស្សានៅខេត្តកំពង់ចាមសម្រេចបានក្នុងការដាំដុះដំណាំស្រូវរដូវវស្សាបានចំនួន ៦១ ៧២៦ ហ.ត ស្មើនឹង ៧១,៣៩% នៃផែនការ ៨៦ ៤៦១ ហ.ត ក្នុងនោះស្រូវបង្កើនរដូវអនុវត្តបាន ១២ ០១០ ហ.ត ស្មើនឹង ១២៥,៧៧% នៃផែនការ ៩៥៤៩ ហ.ត ទន្ទឹមនឹងនេះបានប្រមូលផលជាបណ្តើរៗចំនួន ២៣៥ ហ.ត ដោយទទួលបានបរិមាណផល ៩៨៧ តោន ។ ស្រូវកណ្តាលអនុវត្តបានចំនួន ១៥ ៨៦៣ ហ.ត ស្មើនឹង ៤៩,៣៤ % នៃផែនការ៣២ ១៥០ហ.ត និងស្រូវធ្ងន់អនុវត្តបានចំនួន ១៤ ០២៨ ហ.ត ស្មើនឹង ៣៨,០៣% នៃផែនការ ៣៦ ៨៩១ ហ.ត។ ចំពោះការដាំដុះដំណាំបន្លែគ្រប់មុខក៏សម្រេចបានល្អប្រសើផងដែរគឺបានចំនួន ៥ ៨៧០ ហ.ត ស្មើនឹង ១១៤,៨៧% នៃផែនការ ៥ ១១០ហ.ត។
លោករដ្ឋមន្ត្រីបន្តថា៖ ដោយឡែក ចំពោះការចិញ្ចឹមទាជាលក្ខណ:គ្រួសារនៅឃុំជាលា ស្រុកបាធាយ តាមរយៈការបំភ្លឺរបស់ម្ចាស់ទាបានអោយដឹងថា គាត់មានទាចំនួន ២ ៤០០ ក្បាល ហើយទទួលបានពងទាចំនួនប្រមាណ ១ ៨០០-២០០០ គ្រាប់/ថ្ងៃ ដែលក្នុង១គ្រាប់មានតម្លៃពី ៣៨០-៤០០ រៀល។
ទន្ទឹមនឹង កសិករនៅក្នុងខេត្តនេះ បាននិងកំពុងចូលរួមក្នុងចិញ្ចឹមកង្កែបតាមរយៈការផ្តល់សេវាបច្ចេកទេសក្នុងការចិញ្ចឹមរបស់មន្ទីរ ដើម្បីដោះស្រាយជីវភាពរស់នៅរបស់គាត់។ ជាក់ស្តែងនៅថ្ងៃនេះ មន្រ្តីជលផលរបស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះពិនិត្យនិងផ្តល់បច្ចេកទេសក្នុងការផលិតកង្កែបជូនកសិករឈ្មោះ ចាន់ សុខលាង នៅភូមិសូដី ឃុំសំរោង ស្រុកព្រៃឈរ និងកសិករឈ្មោះ ហុង ហេង នៅភូមិភ្នៅលិច ឃុំព្រៃចារ ខេត្តកំពង់ចាម ៕ដោយ៖សិលា