ព័ត៌មានទាន់ហេតុការណ៍៖

លោកដួង អក្ខរា ចាយលុយរាប់ម៉ឺនដុល្លារផលិតបទចម្រៀងOriginal Song ថ្មី

ចែករំលែក៖

   ភ្នំពេញ៖ ​លោក ដួង អក្ខរា បានបញ្ចេញស្នាដៃបទចម្រៀងថ្មីOriginal Songជាច្រើនបទ។ លោកបានចំណាយថវិកាផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារអាមេរិកដើម្បីផលិតចេញជាបទចម្រៀង និងថតជាMV ដើម្បី​ទុក​ជា​អនុស្សាវរីយ៍។

ម្ចាស់បទ «ឈប់ធ្វើបាបខ្លួនឯងទៅ»រូបនេះ បានឲ្យដឹងថាដោយសារមាននិស្ស័យ និងទឹកចិត្តស្រឡាញ់វិស័យសិល្បៈតាំងពីកំណើត ទោះបីជាមានការមមាញឹក នឹងមុខជំនួញ​យ៉ាងណាក៏ដោយ ក៏លោកត្រូវងាកមកផលិតបទចម្រៀងដែរ ព្រោះនេះជាបំណង​ប្រាថ្នាមួយ​ផ្នែក​ក្នុងជីវិតរបស់លោក។

បច្ចុប្បន្ន លោកមានស្នាដៃចម្រៀង៥ទៅ៦ បទហើយ ជាបទ Original Song នៅក្នុងផលិតកម្ម Zone

បទថ្មី ទើបនឹងបញ្ចេញក្រោមចំណងជើងថា «ឈប់ធ្វើបាបខ្លួនឯងទៅ» នេះវិញ គឺលោក ដួង អក្ខរា បកស្រាយយ៉ាងពីរោះរណ្ដំ ធ្វើឲ្យទស្សនិកជនដែល​បានស្តាប់បទ​នេះហើយ ស្ទើរស្លុងអារម្មណ៍តាមបទចម្រៀងតែម្តង។ បន្ថែមពីនេះ សម្រាប់ MV វិញ គឺបានថតនៅតំបន់ទេសចរណ៍មួយកន្លែង ឈ្មោះថា «អន្លង់ភ្ញៀវ» ក្នុងទឹកដីខេត្តតាកែវ នៃនៅប្រទេសកម្ពុជា ដែលមានទេសភាពធម្មជាតិ ខៀវស្រងាត់ មើលហើយត្រជាក់ភ្នែក ស្រស់ស្រាយតែម្តង។លោក ដួង អក្ខរា បានបន្ថែមថាតាមពិតទៅកន្លងមក លោកក៏ធ្លាប់ប្រឡូកក្នុង​វិស័យសិល្បៈ​ដែរ កាលពីអំឡុងឆ្នាំ ២០១៣២០១៤។ ប៉ុន្តែដោយសារតែមានមុខជំនួញផ្ទាល់ខ្លួនទើបត្រូវ ផ្អាកមួយរយៈសិន ដើម្បីពង្រឹង និងដំណើរការរលូន លើការងាររកស៊ី។ រហូតមកទល់នឹងបច្ចុប្បន្ន ទើបលោកសម្រេចចាប់ផ្តើមផលិតបទចម្រៀងឡើងវិញ ទាំងបទ Cover និងបទ Original ផ្ទាល់ខ្លួន។ជាការកត់សម្គាល់ បើកសំឡឹងទៅ​មើលជីវិតអតីតកាលរបស់លោក ដួង អក្ខរា គឺលោក​មានភាពតស៊ូយ៉ាងខ្លាំង ខិតខំរកស៊ីតាំងពីបាតដៃទទេ ជាពិសេសបង្កើតក្រុមហ៊ុនរកស៊ី តាំងពីចំណុចសូន្យមានប្រាក់តិចតួច រហូតល្បីល្បាញ ក្នុងវិស័យអ្នកជំនួញដូចបច្ចុប្បន្ន ដែលលោកបានហៅ និងដាក់រហស្សនាមឲ្យខ្លួនឯងថា «Zero to Hero»

ដោយឡែកការបោះទុន សហការផលិត បទចម្រៀងក្នុងផលិតកម្មZone ដោយគ្មានការស្ទាក់​ស្ទើរនៅពេលនេះ គឺដោយសារតែមានការណែនាំពីម្ចាស់ផលិតកម្ម ស្របពេល​ដែលលោក​មាន​ទឹកចិត្តចង់ពង្រឹងវិស័យចម្រៀងផងនោះ ទើបកើត​ជាសមិទ្ធផល​បន្តបន្ទាប់ដូច​ពេល​នេះ៕ ដោយ វឌ្ឍនា


ចែករំលែក៖