ភ្នំពេញ៖ លោក ដួង អក្ខរា បានបញ្ចេញស្នាដៃបទចម្រៀងថ្មីOriginal Songជាច្រើនបទ។ លោកបានចំណាយថវិកាផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារអាមេរិកដើម្បីផលិតចេញជាបទចម្រៀង និងថតជាMV ដើម្បីទុកជាអនុស្សាវរីយ៍។
ម្ចាស់បទ «ឈប់ធ្វើបាបខ្លួនឯងទៅ»រូបនេះ បានឲ្យដឹងថាដោយសារមាននិស្ស័យ និងទឹកចិត្តស្រឡាញ់វិស័យសិល្បៈតាំងពីកំណើត ទោះបីជាមានការមមាញឹក នឹងមុខជំនួញយ៉ាងណាក៏ដោយ ក៏លោកត្រូវងាកមកផលិតបទចម្រៀងដែរ ព្រោះនេះជាបំណងប្រាថ្នាមួយផ្នែកក្នុងជីវិតរបស់លោក។
បច្ចុប្បន្ន លោកមានស្នាដៃចម្រៀង៥ទៅ៦ បទហើយ ជាបទ Original Song នៅក្នុងផលិតកម្ម Zone។
បទថ្មី ទើបនឹងបញ្ចេញក្រោមចំណងជើងថា «ឈប់ធ្វើបាបខ្លួនឯងទៅ» នេះវិញ គឺលោក ដួង អក្ខរា បកស្រាយយ៉ាងពីរោះរណ្ដំ ធ្វើឲ្យទស្សនិកជនដែលបានស្តាប់បទនេះហើយ ស្ទើរស្លុងអារម្មណ៍តាមបទចម្រៀងតែម្តង។ បន្ថែមពីនេះ សម្រាប់ MV វិញ គឺបានថតនៅតំបន់ទេសចរណ៍មួយកន្លែង ឈ្មោះថា «អន្លង់ភ្ញៀវ» ក្នុងទឹកដីខេត្តតាកែវ នៃនៅប្រទេសកម្ពុជា ដែលមានទេសភាពធម្មជាតិ ខៀវស្រងាត់ មើលហើយត្រជាក់ភ្នែក ស្រស់ស្រាយតែម្តង។លោក ដួង អក្ខរា បានបន្ថែមថាតាមពិតទៅកន្លងមក លោកក៏ធ្លាប់ប្រឡូកក្នុងវិស័យសិល្បៈដែរ កាលពីអំឡុងឆ្នាំ ២០១៣–២០១៤។ ប៉ុន្តែដោយសារតែមានមុខជំនួញផ្ទាល់ខ្លួនទើបត្រូវ ផ្អាកមួយរយៈសិន ដើម្បីពង្រឹង និងដំណើរការរលូន លើការងាររកស៊ី។ រហូតមកទល់នឹងបច្ចុប្បន្ន ទើបលោកសម្រេចចាប់ផ្តើមផលិតបទចម្រៀងឡើងវិញ ទាំងបទ Cover និងបទ Original ផ្ទាល់ខ្លួន។ជាការកត់សម្គាល់ បើកសំឡឹងទៅមើលជីវិតអតីតកាលរបស់លោក ដួង អក្ខរា គឺលោកមានភាពតស៊ូយ៉ាងខ្លាំង ខិតខំរកស៊ីតាំងពីបាតដៃទទេ ជាពិសេសបង្កើតក្រុមហ៊ុនរកស៊ី តាំងពីចំណុចសូន្យមានប្រាក់តិចតួច រហូតល្បីល្បាញ ក្នុងវិស័យអ្នកជំនួញដូចបច្ចុប្បន្ន ដែលលោកបានហៅ និងដាក់រហស្សនាមឲ្យខ្លួនឯងថា «Zero to Hero»។
ដោយឡែកការបោះទុន សហការផលិត បទចម្រៀងក្នុងផលិតកម្មZone ដោយគ្មានការស្ទាក់ស្ទើរនៅពេលនេះ គឺដោយសារតែមានការណែនាំពីម្ចាស់ផលិតកម្ម ស្របពេលដែលលោកមានទឹកចិត្តចង់ពង្រឹងវិស័យចម្រៀងផងនោះ ទើបកើតជាសមិទ្ធផលបន្តបន្ទាប់ដូចពេលនេះ៕ ដោយ វឌ្ឍនា