ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីយោធាម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្រ្តីយោធាម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយអ្នកបើកបររថយន្ត ១គ្រឿងម៉ាក(កាម៉ារី) នៅគ្រាកំពុងធ្វើដំណើរច្រាស់ទិសគ្នា ។ 

 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមន្រ្តីយោធាម្នាក់ស្លាប់ខាងលើ បានកើតឡើងនៅវេលាម៉ោង៨ និង៣៥នាទី យប់ថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៨.៨៩ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

 លោក វរៈសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងប្រាប់ថា ជនរងគ្រោះឈ្មោះ វង្ស វុទ្ធី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា ស្នាក់នៅក្នុងបន្ទាយលេខ(៥៥២) ខេត្តប៉ៃលិន ។ ជនរងគ្រោះបានវិលត្រឡប់មកពីលេងឪពុកនៅឃុំថ្មដា ស្រុកវាលវែង ខណៈកំពុងធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ZOOMERX ពណ៌លឿង ពាក់ស្លាកលេខ 1AD 2461 ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុបានជួបគ្រោះថ្នាក់បុកជាមួយរថយន្ត ១គ្រឿង បណ្ដាលឲ្យស្លាប់បែបនេះតែម្ដង ។

 លោក អធិការបន្តថា អ្នកបើកបររថយន្តបង្កម៉ាក កាម៉ារី ពណ៌ខៀវ ពាក់ស្លាកលេខ ប៉ៃលិន 2A 0737 ឈ្មោះ ឡង់ ចំរើន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

 លោក បន្តទៀតថា សពយើងបានធ្វើកំណត់ប្រគល់ទទួលជូនក្រុមគ្រួសារ ចំណែកវត្ថុតាងម៉ូតូ និងរថយន្តមន្រ្តីជំនាញផ្នែកសណ្ដាប់ធ្នាប់យកទៅរក្សាទុកជាបណ្ដោះអាសន្ន រងចាំធ្វើការវាស់វែងដោះស្រាយគ្នាពេលក្រោយ ៕ ដោយ៖បុឹម ពិន


ចែករំលែក៖