ខេត្តស្ទឹងត្រែង៖ លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានអញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះដែលជាគ្រួសារក្រីក្រ ចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយគ្មានទីពឹងចំនួន៦៣គ្រួសារដែលកំពុងជួបការលំបាកខ្វះខាត នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ចំនួន២ភូមិ គឺភូមិភ្លុក និង ភូមិបានប៊ុង ស្ថិតក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ពិធីចែកអំណោយនេះក៏មានការអញ្ជើញចូលរួមពីសំណាក់គណៈបញ្ជាការឯកភាពខេត្ត លោក លោកស្រី អនុប្រធានកិត្តិយសសាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា គណៈអភិបាលខេត្ត ក្រុមប្រតិបត្តិសាខា អនុសាខាកាកបាទក្រហមស្រុកសេសាន អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។
មានប្រសាសន៍នាឱកាសនោះ លោកម៉ុម សារឿន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ទន្ទឹមនឹងនោះលោកអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ខ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីការពារឲ្យបាននូវជំងឺរាតត្បាត ដ៏កាចសាហាវ វិីរុសកូវីដ-១៩ ដែលកំពុងកើតមានជាសាកល ជាពិសេសអំឡុងដែលប្រទេសកម្ពុជាយើងកំពុងតែរងគ្រោះនូវជំងឺនេះដែរនោះ។ ជាមួយគ្នានេះដែរ លោកម៉ុម សារឿន ក៏បានជំរុញឲ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងស្រុកសេសានទាំងមូល ត្រូវយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផលនារដូវវស្សានេះឲ្យបានទាន់ពេលវេលា និងចិញ្ចឹមសត្វ ដើម្បីកែប្រែជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
សូមបញ្ជាក់ផងដែរថា អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តដែលផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះទាំង៦៣គ្រួសារនាពេលនេះ គឺក្នុងមួយគ្រួសារទទួលបានអង្ករ៣០ គីឡូក្រាម ត្រីខ១យួរ មី១កេស និងឃីតមួយ(មានមុង១ ភួយ១ ក្រមា១ សារុង១ និងអាវយឺត១) និង ជូនថវិកាមួយចំនួន ដល់ជនចាស់ជរាផងដែរ៕ដោយ៖មាស សុផាត