ព័ត៌មានទាន់ហេតុការណ៍៖

បីឆ្នាំមុននគរបាលឃាត់ខ្លួនប្តីពីបទជួញដូរគ្រឿងញៀនមិនទាន់ចេញផង ឥឡូវឃាត់ខ្លួនប្រពន្ធកូនម្តងពាក់ព័ន្ធការជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖កម្លាំងនគរបាលជំនាញអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀន ២នាក់ម្ដាយ និងកូន ព្រមទាំងដកហូតបានគ្រឿងញៀនមួយចំនួន កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅផ្ទះលេខ១៨០ ក្រុមទី៧ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះឈ្មោះ លី ហាក់ឡេង អាយុ១៨ឆ្នាំ ត្រូវជាកូន និងឈ្មោះ ងួន សំបូរ អាយុ៤៩ឆ្នាំ ត្រូវជាម្ដាយ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ។ ការចាប់ខ្លួននេះ ធ្វើឡើងក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។ កម្លាំងនគរបាលដកហូតបានថ្នាំញៀនចំនួន២កញ្ចប់។

តាមប្រភពបានឲ្យដឹងថា មុខសញ្ញាជនសង្ស័យដែលត្រូវចាប់ខ្លួននោះ បានធ្វើសកម្មភាពជួញដូរគ្រឿងញៀនយូរមកហើយ ហើយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវយូរមកហើយដែរ ទំរាំតែកំណត់បាន។

រហូតដល់ថ្ងៃទី១៣ ខែកក្កដានេះ ទើបលោក ម៉ន វុធី បានដឹកនាំកម្លាំងចុះទៅធ្វើការបង្រ្កាប និងឃាត់ខ្លួនបានទាំង២នាក់ម្ដាយ និងកូន រួចដកហូតថ្នាំញៀន២កញ្ចប់ ក្រោយមកបាននាំទៅសាកសួរ និងចាត់ការតាមនីតិវិធី៕ដោយ​៖ សុខាសែនជ័យ​


ចែករំលែក៖