ភ្នំពេញ៖ ឃាតកដែលសម្លាប់ប្រពន្ធខ្លួនឯង រួចរត់គេចបាន២ថ្ងៃ ពេលនេះត្រូវកម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ១ ធ្វេីការស្រាវជ្រាវឃាត់ខ្លួនបានហើយ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ កែវ វណ្ណៈភេទប្រុស អាយុ២៨ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅដីឡូត៍ចំណុចកើតហេតុក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះភ្លាម សមត្ថកិច្ចបានបញ្ជូនមកធ្វើការសាកសួនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា រូបគេពិតជាបានយកដងពូថៅញ៉ុកចូលមាត់ប្រពន្ធរបស់ខ្លួនបណ្តាលឲ្យស្លាប់ប្រាកដមែន មូលហេតុដោយរូបគេឃើញប្រពន្ធរបស់ខ្លួនមានអាការប្រកាច់ទើបគេយកស្លាបព្រាជួយគាស់គល់ថ្គាមតែដោយគាស់មិនហើបទើបរូបគេយកដងពូថៅជួយគាស់ហើយរុកញ៉ុកចូលក្នុងមាត់បណ្តាលឲ្យនាងស្លាប់តែម្ដង ឃើញដូច្នេះរូបគេភ័យពេកក៏បានរត់គេចខ្លួនទៅ។ ក្រោយពេលគេចខ្លួនបានរយៈពេលតែ២ថ្ងៃប៉ុណ្ណោះក៏ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបាន។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើកំពុងតែឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ។
គួររំលឹកថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នៅត្រង់ចំណុចក្នុងខ្ទមសង់លេីដីឡូត៍ ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្ត្រីម្នាក់បានដេកស្លាប់ក្នុងខ្ទម តែមិនដឹងជាករណីអ្វីនោះទេ ទេីបសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យមេីលឃេីញមានដងពូថៅនៅក្នុងមាត់ជនរងគ្រោះ និងមានស្នាមឈាមតិចតួចផងដែរ ទេីបរាយការណ៍ប្រាប់បន្តទៅសមត្ថកិច្ចជំនាញកោសល្យវិច័យខណ្ឌ សហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យក្រុង រួមទាំងគ្រូពេទ្យជំនាញចុះមកពិនិត្យ ។
ក្នុងហេតុការណ៍ខាងលេីនេះ គេមិនឃេីញបុរសជាប្ដីនៅកន្លែងកេីតហេតុនោះទេ ហេីយជនរងគ្រោះក៏គ្មានសាច់ញាតិផងដែរ ។ បន្ទាប់ពីមន្ត្រីជំនាញបានធ្វើកោសល្យវិច័យលេីសាកសពជាង២ម៉ោង មកទេីបដឹងថា ជនរងគ្រោះត្រូវបាន ឃាតក យកដងពូថៅញ៉ុកមាត់ បណ្ដាលឲ្យស្លាប់ និងសង្ស័យជាជំហានដំបូងថា ឃាតកគឺជាប្ដីជនរងគ្រោះតែម្ដង ។ ក្រោយមក សមត្ថកិច្ចបានធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅខាងរថយន្តដឹកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដេីម្បីបូជាតាមប្រពៃណី ៕
ដោយ៖ ភារ៉ា ដង្កោ