ព័ត៌មានទាន់ហេតុការណ៍៖

អធិរាជស Real Madrid លើកពាន La Liga ក្រោយខកខានរយៈពេល៣ឆ្នាំ

ចែករំលែក៖

កីឡាអន្តរជាតិ៖ ក្រុមអធិរាជស Real Madrid បានឈ្នះពានរង្វាន់លីកកំពូលអេស្ប៉ាញ La Liga សម្រាប់រដូវកាល ២០១៩២០២០នេះ បន្ទាប់ពីយកឈ្នះ ២-១ ទៅលើក្រុម Villarreal កាលពីយប់ថ្ងៃព្រហស្បតិ៍។ ជ័យជម្នះនេះធ្វើឲ្យក្រុម Real Madrid ឈ្នះពិន្ទុដាច់ក្រុមលេខ២ Barcelona ដែលប្រកួតចាញ់កាលពីយប់មុិញ។

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema រកបាន១គ្រាប់នាំមុខនៅនាទីទី២៧ ហើយបន្ទាប់មកបានស៊ុតបាល់ប៉េណាល់ទី១គ្រាប់ទៀតនៅនាទីទី៧៧ដើម្បីជួយឲ្យ Real Madrid នាំមុខ ២-០ ។ ក្រោយមកនៅនាទីទី៨៥ កីឡាករ Vicente Iborra បានស៊ុតបញ្ចូលទីឲ្យ Villarreal បានមួយគ្រាប់វិញ

ជ័យជម្នះនេះមានន័យថា Real Madrid បានក្លាយជាជើងឯកបើទោះបីជាពួកគេនៅសល់១ប្រកួតទៀតចប់រដូវកាលក៏ដោយដែលបង្ហាញពីឧត្តមភាពនៃក្រុមរបស់លោក Zinedine Zidane ចាប់តាំងពីកម្មវិធីប្រកួតបាល់ទាត់បានវិលត្រឡប់មកវិញនៅប្រទេសអេស្ប៉ាញកាលពីជាងមួយខែមុនដោយបំបែកកំណត់ត្រាឈ្នះ១០ដងក្នុង១០ប្រកួត

គ្រូបង្វឹកក្រុម Real Madrid លោក Zinedine Zidane បាននិយាយថាការផ្សាភ្ជាប់ពានរង្វាន់ La Liga ជាលើកដំបូងជាមួយ Real Madrid ក្នុងរយៈពេល៣ឆ្នាំបានធ្វើឲ្យគាត់សប្បាយចិត្តជាងការឈ្នះពានរង្វាន់ Champions League ទៅទៀត។

គ្រូបង្វឹកក្រុម Real Madrid រូបនេះបានបន្តថា នេះគឺប្រសើរជាងអ្វីៗទាំងអស់ វាត្រូវការ ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឈ្នះពាន La Liga បន្ទាប់ពីការប្រកួតចំនួន៣៨លើកក្រុមយើងនៅតែអាចរឹងមាំបានការវិលត្រឡប់មកការប្រកួតវិញដោយគ្មានអ្នកគាំទ្រវាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ប៉ុន្តែពួកយើងនៅតែមានទឹកចិត្តសម្រេចគោលដៅរបស់យើង នោះគឺពានLa Liga”។

សូមបញ្ជាក់ថា ពានលីកកំពូលអេស្ប៉ាញកាលពីរដូវកាល ២០១៨-២០១៩ បានទៅលើក្រុមអ្នកមានបុណ្យ Barcelona ខណៈដែលក្របខ័ណ្ឌកំពូលអេស្ប៉ាញ La Liga រដូវកាលនេះនៅសល់១ប្រកួតទៀតនឹងចប់រដូវកាលដោយក្រុមម្ចាស់ពាន Real Madrid ឈ្នះពិន្ទុក្រុមលេខ២ Barcelona រហូតដល់៧ពិន្ទុ។ ក្នុងនោះក្រុម Real Madrid ត្រូវប៉ះក្រុមម្ចាស់ផ្ទះ Leganes នៅថ្ងៃទី២០ ខែកក្កដា ដើម្បីប្រកួតបង្គ្រប់កិច្ចបញ្ចប់រដូវកាលនេះ ៕ដោយ៖ភារៈ


ចែករំលែក៖