ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ងត៍ បើកកៀរម៉ូតូដួលបណ្តាលឲ្យបុរសអ្នកបើកម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖រថយន្តក្រឡុកស៊ីម៉ងត៍ បើកកៀរម៉ូតូដួលបណ្តាលឲ្យបុរសអ្នកបើកម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង ៣រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ខាងលិចរង្វង់មូលគល់ស្ពានព្រែកព្នៅ ៥០ម៉ែត្រ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនងគ្រោះមានឈ្មោះ ផុន ចិនរ៉ា ស្នាក់នៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FF-4723 ម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង មិនចាំពណ៌មិនចាំម៉ាកនិងស្លាកលេខ បានបើកកៀរម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលបោកក្បាលស្លាប់ ក្រោយកើតហេតុរថយន្តបង្ក បានបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ ទុកម៉ូតូ និងជនរងគ្រោះនៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុរួចប្រគល់សាកសព និងម៉ូតូឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ


ចែករំលែក៖