ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់នៅលើដងផ្លូវមិនដឹងថាជនរងគ្រោះស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឬជាករណីឃាតកម្ម

ចែករំលែក៖

ភ្នំពេញ​៖​បុរសជា​កម្មករសំណង់​ម្នាក់​បាន​ដេកស្លាប់ ក្បែរម៉ូតូមួយគ្រឿងនៅតាម​​ផ្លូវលំ មិនដឹងថាជនរងគ្រោះស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឬក៏ជាករណីឃាតកម្ម​។​

​ហេតុការណ៍នេះបង្កឲ្យ​ភ្ញាក់ផ្អើលឡើង​នៅ​ម៉ោង​១១ ​យប់​​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវលំ ក្នុងភូមិ​កន្ទោក​ខាងត្បូង ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ មានឈ្មោះ មឿ​ន ម៉ាច អាយុ​៣៥ ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្តពោធិ៍សាត់ មុខរបរ​ជា​កម្មករ​សំណង់​។​

​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរស​ខាងលើ គាត់​ទៅធ្វើ​ការ​សំណង់​នៅ​ម្តុំ​ផ្សារ​ជម្ពូ​វ័ន្ត ជា​រៀងរាល់ថ្ងៃ និង​ចប់​ការងារ គាត់​តែងតែ​មក​ផ្ទះ​ទៀង​ម៉ោង​ណាស់ ឲ្យ​តែ​ម៉ោង ៨ យប់​គាត់​មកដល់​ផ្ទះ​ហើយ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ គាត់​បាន​ចេញពីផ្ទះ​ទៅធ្វើ​ការ​ទាំង​ព្រឹក លុះ​មកដល់​ល្ងាច​ហើយ បាត់​គាត់​អត់​ឃើញ​មក​ផ្ទះ ម្តាយ​និង​ប្រពន្ធ​ចេះតែ​ឆ្ងល់ ស្រាប់តែ​ដល់​ម៉ោង ១១ យប់ បងប្អូន​ជីដូនមួយ​គាត់ ចេញពី​ធ្វើការ​ជិះ​កាត់​ផ្លូវ​នឹង​ឃើញ​មនុស្ស​ដេកស្លាប់ ពេលដែលប្អូនប្រុសចុះទៅពិនិត្យ​មើលមុខ​ទើបដឹងថាជា​បង​របស់គាត់ រួច​មើលទៅ​មុខមាត់​របស់​ជ​ន​រងគ្រោះ​រាង​ហើម និង​បែក​ឈាម​ហូរ​តាម​ត្រចៀក ប្អូនប្រុស​បញ្ជាក់ថា សង្ស័យ​ជា​ករណី​ឃាតកម្ម លើ​បងប្រុស​របស់គាត់ ហើយភ្លាមៗនោះដែរប្អូនបាន​ទូរស័ព្ទ​ទៅសម​ត្ថកិច្ច ចុះជួយ​អន្តរាគមន៍​ភ្លាមៗ​។ 

បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់​រួច​ទាក់ទង​ទៅខាង​ជំនាញ​កោសល្យវិច័យ ឲ្យ​ចុះមក​ត្រួតពិនិត្យ​តើ​ជា​ករណី​អ្វី​ពិតប្រាកដ រួច​ក៏​ធ្វើ​កំណត់ហេតុ ដើម្បីប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត​តាម​ប្រពៃណី​៕ ​ជ្រោយពេជ្រ


ចែករំលែក៖