ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅល្ងាចថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៧និង០០នាទីល្ងាច បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបិទទីតាំងអាជីវកម្មបារបារាំងយីហោ Wild Orchid Bar មានទីតាំងផ្លូវលេខ១៣៦ ភូមិ១២សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ជាបណ្តោះអាសន្ន ដោយមូលហេតុបង្កសំលេងរំខានដល់បងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងខាងលើនេះនិងតែងតែឈ្លោះប្រកែកគ្នាជារឿយៗផងដែរ ។
ក្នុងប្រតិបត្តិការនោះ លោកអភិបាលខណ្ឌ បានឲ្យដឹងថា បន្ទាប់ពីមានពាក្យបណ្តឹងពីប្រជាពលរដ្ឋជិតខាងរាយការណ៍ថា ទីតាំងហាងបារបារាំងយីហោWild Orchid Bar តែងតែបង្កសំលេងរំខានដល់អ្នកជិតខាង និង មិនចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩តាមការណែនាំរបស់អាជ្ញាធរខណ្ឌ ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ទើបលោកដឹកនាំកម្លាំងចម្រុះចុះផ្អាកអាជីវកម្មតែម្តង ។
ក្រោយប្រតិបត្តិការរួច ជាក់ស្តែងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌក៏បានសម្រេចបិទអាជីវកម្ម Wild Orchid Bar ជាបណ្ដោះអាសន្ន ដើម្បីជាការព្រមាន ក្នុងករណីនៅតែបន្តលួចលាក់បើកអាជីវកម្មខាងលើ បង្កសំលេងរំខានដល់បងប្អូនប្រជាពលរដ្ឋជិតខាងទៀតនោះ រដ្ឋបាលខណ្ឌ នឹងអនុវត្តវិធានការរដ្ឋបាល ចុះដកហូតសម្ភារៈផ្សេងៗ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់ ព្រមទាំងឈានដល់ការបិទអាជីវកម្មស្ថាពរបន្ថែមទៀត ៕ដោយ៖ស តារា