ខេត្តស្ទឹងត្រែង៖ បុរសម្នាក់បើកបរម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកគូទរុឺម៉កត្រាក់ទ័រពេញទំហឹងបណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់ ដែលត្រាក់ទ័រនោះឈប់ចតស្ងៀមខុសបច្ចេកទេសជាប់ផ្លូវកែងលេខបូក ដោយកន្ទុយរុឺម៉កចេញក្រៅ ហើយគ្មានដាក់ចំណាំងផ្លាតជាសញ្ញាទៀត ភ្លាមៗនោះម្ចាស់ត្រាក់ទ័រសណ្តោងរុឺម៉កក៏បានជួយដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨៖១៥នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវបំបែកជាបួនគីឡូលេខ២លក់បាយម្ហូប ផ្លូវទៅកាំងមេម៉ាយ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។
បើតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម្ចាស់ត្រាក់ទ័រសណ្តោងរុឺម៉កបើកឡើងមកពីផ្សារសាមគ្គីក្រុងស្ទឹងត្រែង (ហៅផ្សារចាស់) ក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់កន្លែងកើតហេតុក៏បានឈប់ចតនៅចំណុចកើតហេតុខាងលើ ដោយមិនបានប្រុងប្រយ័ត្ន ចូលចតមិនបានត្រឹមត្រូវខុសបច្ចេកទេស រួចហើយម្ចាស់ចូលទៅទិញម្ហូបក្នុងផ្សារលុះពេលទិញបានហើយអ្នកបើកត្រាក់ទ័រនេះបម្រុងបន្តដំណើរទៅមុខទៀត។
ប្រភពដដែលបានបន្តថា ក្រោយមកស្រាប់តែមានម៉ូតូជនរងគ្រោះខាងលើ បើកបរក្នុងទិសដៅស្របទិសគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្នបានមកបុកត្រាក់ទ័រសណ្តោងរុឺម៉កពីក្រោយ ពេញទំហឹងបណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់ ភ្លាមៗនោះម្ចាស់ត្រាក់ទ័រឃើញហេតុដូច្នេះ ក៏ប្រញាប់លើកដាក់ម៉ូតូជួយដឹកយកទៅមន្ទីរពេទ្យយោធភូមិភាគទី១។
សមត្ថកិច្ចបញ្ចាក់ថា ម្ចាស់ត្រាក់ទ័រឈ្មោះហ៊ូរ គឹមហៀក ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ និងជាអាជីវករលក់ផ្លែឈើនៅផ្សារស្ទឹងត្រែង រស់នៅភូមិអូរឈើទាល សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។
ចំណែកជនរងគ្រោះឈ្មោះភឿន ប៊ុនធនភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ រស់នៅចំណុចអូរខ្លុង ភូមិរាជានូកូល សង្កាត់ ខេត្តស្ទឹងត្រែង បើកបរម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ស ពាក់ស្លាកលេខស្ទឹងត្រែង1A.2246 បើកបរពីជើងទៅត្បូងស្របទិសគ្នា ដោយត្រាក់ទ័រឈប់ចតខុសបច្ចេកទេស មិនអែបខាងឲ្យផុតនៅបន្សល់កន្ទុយរុឺម៉កនៅផ្នែកក្រៅលើចំណីផ្លូវកែង ទើបបណ្តាលឲ្យជនរងគ្រោះបុករងរបួសធ្ងន់ តែសំណាងណាស់មិនបាត់បង់ដល់អាយុជីវិត។ បច្ចុប្បន្នម៉ូតូរងគ្រោះនិងត្រាក់ទ័រសណ្តោងរុឺម៉ក ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគបាលខេត្តដើម្បីដោះស្រាយនៅថ្ងៃស្អែក។
បើតាមម្ចាស់ទ្រាក់ទ័រឈ្មោះហ៊ូរ គឹមហៀក បានឲ្យដឹងថា ក្រោយកើតហេតុគាត់ក៏បានដឹកជនរងគ្រោះទៅមន្ទីរពេទ្យយោធភូមិភាគទី១ ដោយគាត់គ្មានចេតនាធ្វើឲ្យជនរងគ្រោះខាងលើមានគ្រោះថ្នាក់ឡើយ មូលហេតុប្អូនប្រុសគាត់ឈ្មោះ ហៀប ឈប់ចូលទិញម្ហូបមួយភ្លែត ហើយគោលដៅទៅផ្ទះនៅអូរឈើទាល ដោយមិនបានប្រយ័ត្ន មិននឹកស្មានថាមានហេតុការណ៍ដូច្នេះ ហើយគាត់ក៏សុំបញ្ចប់រឿងដោយជួយចេញថ្លៃព្យាបាល ដល់ជនរងគ្រោះ និងជួសជុលម៉ូតូ ដើម្បីបញ្ចប់រឿងនៅមុខសមត្ថកិច្ចនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែង ៕ដោយ៖មាស សុផាត