អន្តរជាតិ៖ ប្រធានរដ្ឋសភាហ្វុីលីពីន បានអំពាវនាវឲ្យបើកការស្រាវជ្រាវពីការស្លាប់របស់អ្នកទោសគ្រឿងញៀន ៩នាក់ដែលមានទោសធ្ងន់ អាចបន្លំធ្វើជាស្លាប់ដើម្បីបានចេញពីគុក។
ក្រុមជនល្មើសទាំង៩នាក់ខាងលើ គឺជាមេខ្លោងជួញដូរគ្រឿងញៀន មានទ្រព្យសម្បត្តិច្រើន ត្រូវបានគេដឹងថា បានស្លាប់ដោយកូវីដ-១៩។ អ្នកទោសកម្រិតធ្ងន់ខាងលើបានឃុំខ្លួននៅក្នុងគុកNew Bilibid ដែលមានអ្នកយាមយ៉ាងតឹងតែងបំផុត។ ក្នុងចំណោមអ្នកទោសទាំងនោះ មានម្នាក់ធ្លាប់ធ្វើជាសាក្សីដ៏សំខាន់នៅក្នុងសកម្មភាពប្រឆាំង សមាជិកសភាមកពីគណបក្សប្រឆាំង។
ជនល្មើសទាំង៩នាក់ខាងលើ ក្រោយការស្លាប់ សាកសពត្រូវបានបូជាភ្លាមដោយមិនឆ្លងកាត់ការធ្វើកោសល្យវិច័យនោះឡើយ។ ទាំងនោះបានបង្កឲ្យមានការមន្ទិលសង្ស័យថាជាការលួចចេញពីគុក ដោយមានការចូលរួមពី អ្នកគ្រប់គ្រងផងដែរ។ កន្លងមក មន្ទីរឃុំឃាំង New Bilibid ធ្លាប់មានរឿងអាស្រូវពុករលួយ ជួយដល់អ្នកទោសល្បីៗមានទ្រព្យសម្បត្តិច្រើន លួចចេញពីគុកយ៉ាងងាយស្រួលបំផុត ។
ប្រធានព្រឹទ្ធសភាលោក Vicente Sotto III បានថ្លែងនៅថ្ងៃទី ២០ ខែកក្កដាថា មានហេតុផលជាច្រើនដែលយើងត្រូវតែស្រាវជ្រាវករណីខាងលើ។ ហេតុអ្វីបានជាការស្លាប់ទាំងនោះមិនត្រូវបានធ្វើកោសល្យវិច័យ ហើយសាច់ញាតិទទួលបានដំណឹងដែរឬទេ និងសំណួរជាច្រើនទៀតមិនទាន់មានចម្លើយសមស្របនៅឡើយ។
ចំណែកប្រធាននាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌលកែប្រែហ្វុីលីពីនលោកGerald Bantag បានបដិសេធពីការបំភ្លឺរាល់ករណីស្លាប់របស់អ្នកទោសទាំងនោះ ដោយប្រាប់ថានោះជារឿងសម្ងាត់របស់មន្ទីរឃុំឃាំង៕ដោយ៖ធី រីណា