ព័ត៌មានទាន់ហេតុការណ៍៖

ម្ដាយទៅទិញបបរមកវិញឃើញកូនដួលផ្កាប់មុខក្នុងទឹកប្រឡាយស្លាប់បាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រទះឃើញបុរសម្នាក់ដួលផ្កាប់មុខ ក្នុងទឹកប្រឡាយបណ្ដាលឲ្យឈ្លក់ទឹកស្លាប់ សង្ស័យបណ្ដាលមកជំងឺស្កន្ទជ្រូក ។

 ហេតុការណ៍បុរសដួលផ្កាប់មុខក្នុងទឹកប្រឡាយស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៧ និង០០នាទី ព្រឹកថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចប្រឡាយទឹកផ្នែកខាងមុខផ្ទះចម្ងាយប្រមាណ៤០ម៉ែត្រ ស្ថិតនៅក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 នគរបាលស្រុកក្រគរប្រាប់ថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ញ៉ែម ពៅ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារស្រ្តីមេមាយជាម្ដាយ ស្ថិតនៅភូមិ.ឃុំកើតហេតុ ។

 នគរបាលស្រុកខាងលើបន្តទៀតថា យោងតាមការបំភ្លឺស្រ្តីជាម្ដាយឈ្មោះ អ៊ុក សុផាត អាយុ ៧៦ឆ្នាំ គាត់មានកូនប្រុសស្រីចំនួន ៦នាក់ កូនប្រុសរងគ្រោះរបស់គាត់នេះគេមានជំងឺស្កន្ទជ្រូកតាំងពីអាយុ ១២ឆ្នាំមកម្លេះ ហើយនៅថ្ងៃកើតហេតុគាត់បានទៅទិញបបរឲ្យកូនប្រុសរងគ្រោះ ពេលត្រឡប់មកដល់ផ្ទះអត់ឃើញកូន ក៏ដើររកឃើញដួលផ្កាប់មុខក្នុងទឹកប្រឡាយខាងលើ គាត់ក៏ទាញកូនប្រុសបានដាច់ខ្យល់ស្លាប់ទៅហើយ ។

 ប្រភពព័ត៌មាននគរបាលស្រុកដដែលបន្តទៀតថា ករណីខាងលើនេះយើងបានសហការចុះពិនិត្យ និងធ្វើការស្រាវជ្រាវ ទើបធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖បុឹម ពិន

 


ចែករំលែក៖