ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចបុរសបានស្លាប់នៅក្បែជណ្ដើរផ្ទះ និង ចំណែកភាគីម្ខាងទៀតបានរងរបួសធ្ងន់ កំពុងសម្រាកព្យាលនៅមន្ទីរពេទ្យ ។ រីឯជនសង្ស័យដៃដល់ជាជនទី៣ បានរត់គេចខ្លួនបាត់ ក្នុងករណីហឹង្សាដោយចេតនា(វាយសម្លាប់មនុស្ស) បន្ទាប់ទំនាស់ពាក្យសម្ដីគ្នាក្នុងវង់ផឹកសុីរវាងឪពុកជនដៃដល់និងជនរងគ្រោះ ឈ្លោះគ្នារឿងដណ្ដើមក្បាលម៉េក្រូច្រៀង។
ហេតុការណ៍ឃាតកម្មខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ទី ណាក់ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិអូរហេងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
បើយោងតាមប្រភពព័ត៌មាន ពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ស៊ុន រីម ភេទប្រុស អាយុ៤១ឆ្នាំជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅទល់មុខផ្ទះកើតហេតុ ស្ថិតនៅភូមិ.ឃុំកើតហេតុបានរងរបួសសុះលើផ្ទៃមុខ និងខ្ទេចក្បាលចេញខួ ។ចំណែកគូរទំនាស់ក៏បានរងរបួសបាក់ដៃ(ខាងស្ដាំ)មានឈ្មោះ នឿង ធូ ហៅតាបាក់ដៃ ភេទប្រុសអាយុ ៦២ឆ្នាំ ជនជាតិខ្មែរ និងជនសង្ស័យដៃដល់ជាជនទី៣មានឈ្មោះ ធូធុន ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវជាកូនបង្កើតរបស់(ឈ្មោះនឿង ធូ) បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុជាមួយគ្នា ។
មន្រ្តីកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ បន្តថា ករណីឃាតកម្មខាងលើនេះមុនដំបូងគេឃើញមានកម្មវិធីផឹកស៊ីតូចមួយ នៅផ្ទះរបស់(ទី ណាក់) ដោយមានផឹកស៉ី និងដាក់ធុងបាស់តូចមួយច្រៀងផងដែរ ក្នុងនោះគ្នាចំនួន៣នាក់៖ ទី១ ឈ្មោះ ទី ណាក់ (ម្ចាស់ផ្ទះ ), ទី២ ឈ្មោះ ជឿន នៅភេទប្រុសអាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា ,និងទី៣ឈ្មោះ ធូ ធុន (ជនសង្ស័យគេចខ្លួន) ។ ខណៈដែលភាគីម្ខាងឈ្មោះនឿង ធូហៅតាបាក់ដៃ ស្រវឹងស្រាមកពីក្រៅហើយបានចូលផឹកនៅកន្លែងកើតហេតុភ្លាមនោះជនរងគ្រោះស្លាប់ឈ្មោះស៊ុន រីមក៏បានចូលមកផឹកដែរ គ្រានោះពួកគាត់ក៏បានដាក់បទចម្រៀង តែពេលនោះស្រាប់តែដល់បទកុម៉ង់របស់តា(នឿង ធូ) ដល់វេនត្រូវច្រៀងប៉ុន្តែត្រូវបានជនរងគ្រោះឈ្មោះ ស៊ុនរីម(សព) ច្រៀងបានមុន ក៏ទំនាស់ពាក្យសម្ដីគ្នាតែម្ដង ។
ប្រភពដដែរបន្តថា បន្ទាប់ពីអ្នកទាំងពីរនាក់ពុំសូវមើលមុខគ្នាទើបម្ចាស់ផ្ទះឈ្មោះទី ណាក់ ឃើញស្ថានភាពបែបនេះ ក៏បានឲ្យឈ្មោះ ធូ ធុនត្រូវជាកូនបង្កើត(ជនសង្ស័យ)ជូនឪពុកទៅផ្ទះសិន ហើយជនសង្ស័យឈ្មោះធូ ធុនមកផឹកបន្ត ។ ក្រោយមកជនរងគ្រោះជាសព បានដើរឆ្លងផ្លូវទៅផ្ទះរបស់ខ្លួនដែរ ប៉ុន្តែភ្លាមនោះចៃដន្យឈ្មោះនឿង ធូ ក៏ស្ទាក់វាយនៅក្បែជណ្ដើរផ្ទះ ប៉ុន្តែទំនងវាយចាញ់ជនរងគ្រោះឈ្មោះ ស៊ុនរីម(ស្លាប់) ក៏ស្រែកឲ្យកូនជួយដោយស្រែកថា “ជួយអាញ់ផង អារីមវាយអាញ់បាក់ដៃហើយ” ។ បន្ទាប់មកកូនបង្កើតឈ្មោះធូ ធុន ជាជនសង្ស័យ បានលឺសម្លេងឪពុកស្រែកឲ្យជួយក៏រត់ទៅ ហើយទំនងជាយកគល់ឈើវាយទៅលើជនរងគ្រោះដោយលឺសម្លេងភីសភូសៗប៉ុន្តែដោយសារមើលពុំឃើញអ្វីទេព្រោះងងឹរពេក ក៏នាំគ្នាឆោឡោឡើងហើយទៅមើលឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ ។ ចំណែកភាគីម្ខាងឈ្មោះនឿង ធូ រងរបួសបាក់ដៃក៏ត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យទាំងយប់ ។
ក្រោយកើតហេតុជនដៃដល់ឈ្មោះ ធូ ធុន ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវជាកូនបង្កើតរបស់(ឈ្មោះនឿង ធូ) បានរត់គេចខ្លួនបាត់ស្រមោល។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្វែងរកចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ ៕ដោយ៖ បុឹម ពិន