ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់ស្លាប់ខណៈបើកម៉ូតូបុករថយន្តដឹកដីពីក្រោយនៅផ្លូវជាតិលេខ១

ចែករំលែក៖

ភ្នំពេញ​ ៖ យុវជន​២នាក់ចេញពីកន្លែងលក់ស៊ុបបើកម៉ូតូ​​ទៅផ្ទះ​វិញបានជ្រុលចង្កូតទៅបុក​រថយន្ត​ដឹក​ដី​ពីក្រោយយ៉ាងពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់។ 

​ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅម៉ោង​៩ និង២០​នាទី​យប់ ថ្ងៃ​​ទី​២៨ ខែកក្កដា ឆ្នាំ ២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងសង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មាន​ឈ្មោះពៅ ចាន់​ទៀ អាយុ​២៤ឆ្នាំ មុខ​របរ លក់​គ្រឿងសំណង់ មាន​ប្រពន្ធ និង​កូន ២​នាក់ សព្វថ្ងៃ​រស់នៅ​ភូមិ​ចា​ឡក់ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ចំណែកអ្នករួមដំណើជាមួយគ្នាដែលស្លាប់ដែរនោះនៅមិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ។​

​ប្រភពព័ត៌មាននៅ​កន្លែងកើតហេតុបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេបានឃើញរថយន្តដឹកដីចង្កូតស្តាំពាក់ស្លាកលេខPP-0912 បើកតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងទិសដៅ​ពី​កើតទៅលិច ហើយ​​គេ​បានឃើញ​យុវជន​២នាក់ទៀតជិះម៉ូតូម៉ាកហុងដា click ពណ៌​ស​​ពាក់​ស្លាកលេខ ភ្នំពេញ 1-GL 9895 ឌុប​គ្នា​ចេញពី​កន្លែង​លក់ស៊ុប ក្នុងទិសដៅ​ពី​កើតទៅលិចមកពី​ក្រោយ​រថយន្ត​ដឹក​ដី​នោះ ក្នុងល្បឿនយ៉ាង​លឿន ខណៈ​មកដល់​ចំណុច​កើតហេតុ ក៏បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​ដី​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើកម៉ូតូនិងអ្នករួមដំណើរស្លាប់ទាំង២នាក់តែម្ដង។

​បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និងសមត្ថកិច្ច​ជំនាញចរាចរណ៍បានសហការគ្នាចុះមក​វាស់វែងយក​ម៉ូតូ​និង​រថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ និងបានធ្វើ​កំណត់ហេតុ​ប្រគល់​សពជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ​ជ្រោយពេជ្រ


ចែករំលែក៖