ខេត្តប៉ៃលិន៖កាលពី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិនមានរៀបចំពិធីផ្សព្វផ្សាយការងារជំនាញកងរាជអាវុធហត្ថ និងប្រគល់ប័ណ្ណ-លិខិត-សរសើររបស់ក្រសួងការពារជាតិ ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលមានស្នាដៃ ចំនួន ០៨រូប ស្ថិតក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន។
នៅក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើរដល់មន្រ្តីកងរាជអាវុធហត្ថខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ជាពិសេសបានសហប្រតិបត្តិការល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ការពារបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនមានសុខសន្តិភាព។
លោកមេបញ្ជាការក៏បានមានប្រសាសន៍ជំរុញដល់នាយនាយរងនិងពលកងរាជអាវុធហត្ថទាំងអស់ត្រូវបន្តអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ញត្តិ និងបទបញ្ជារបស់ថ្នាក់ដឹកនាំ គោរពវិន័យ តួនាទី ក្រមសីលធម៌ និងលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងអនុវត្តន៍ការងារភារកិច្ចប្រកបដោយឆន្ទះ ទំនួលខុសត្រូវ និងប្រសិទិ្ធភាពខ្ពស់។ ជាពិសេសបន្តក្ដាប់រាល់សភាពការណ៍កើតឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួននិងចុះបង្រ្កាបឲ្យបានទាន់ពេលវេលានូវរាល់បទល្មើសដែលកើតមានឡើង ធានាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋយើង។
លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង បានមានប្រសាសន៍បញ្ជាក់ថា ចំពោះកងរាជអាវុធដែលទទួលបាននូវប័ណ្ណសរសើរនិងលិខិតសរសើរពីក្រសួងការពារជាតិនៅពេលនេះ មិនមែនកើតឡើងដោយគ្មានកិច្ចខិត្តខំប្រឹងប្រែង លះបង់ តស៊ូ ព្យាយាម ស្មោះត្រង់ លើការងារនោះទេ គឺវាកើតចេញពីការខិតខំប្រឹងប្រែងនិងស្នាដៃការងារល្អតាំងពីចាប់ផ្តើមរហូតមកដល់ពេលនេះហើយថ្វីត្បិតតែវាជាក្រដាសមួយសន្លឹកក៏ពិតមែនតែវាជាកិត្តិយសនិងបង្ហាញពីស្នាដៃការងារពិតៗក្នុងនាមកងកម្លាំងកងរាជអាវុធហត្ថខេត្តហើយត្រូវនាំគ្នាបន្តស្មារតីសាមគ្គីភាពដឹកនាំ អនុវត្តន៍តួនាទី ភារៈកិច្ចរៀងៗខ្លួនឲ្យបានល្អប្រសើរថែមទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា ប័ណ្ណសរសើរ និងលិខិតសរសើរ ដែលត្រូវជូនដល់កងរាជអាវុធហត្ថខេត្តប៉ៃលិនគឺមានចំនួន ០៨រូប រួមមាន៖ ប័ណ្ណសរសើររបស់ក្រសួងការពារជាតិចំនួន ០៣ គឺ៖ ថ្នាក់អនុសេនីយ៍ឯកចំនួន ២នាក់ និង ថ្នាក់អនុសេនីយ៍ទោចំនួន ១នាក់និងលិខិតសរសើររបស់ក្រសួងការពារជាតិចំនួន០៥គឺ៖ថ្នាក់អនុសេនីយ៍ទោចំនួន ២នាក់, ថ្នាក់អនុសេនីយ៍ត្រីចំនួន ៣នាកក់៕
ដោយ÷ស សារ៉េត