ខេត្តបន្ទាយមានជ័យ៖ សត្វជ្រូករស់ចំនួន២២ក្បាលដឹកតាមរថយន្ត១គ្រឿងចេញពីស្រុកថៃចូលមកកម្ពុជាតាមច្រករបៀងត្រង់ចំណុចច្រកទំនប់ដាច់ ក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវបានលោកតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រួមទាំងក្រុមការងារ បង្ក្រាបនៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥ ភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកតាន់ ផាន់ណារ៉ា បានប្រាប់ ឲ្យដឹងថា៖ការឃាត់រថយន្តលួចដឹកជ្រូកមកពីស្រុកថៃនោះម៉ាកSANGYOUG ពណ៌សំបកឪឡឹក ជាប្រភេទរថយន្តដឹកអ្នកដំណើ១២កៅអី ពាក់ស្លាកលេខភ្នំពេញ2J-3410 មានផ្ទុកសត្វជ្រូករស់ចំនួន២២ក្បាល លួចនាំពីប្រទេសថៃតាមច្រកទំនប់ដាច់យកទៅលក់ចែកចាយនៅខេត្តសៀមរាប ដោយគ្មានច្បាប់អនុញ្ញាតអ្វីទាំងអស់ ហើយការឃាត់រថយន្តលួចដឹកជ្រូកនោះបានដោយសហការជាមួយក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។
លោកតាន់ ផាន់ណារ៉ា ក៏បានបញ្ជាក់ឲ្យដឹងទៀតថា៖បន្ទាប់ពីសមត្ថកិច្ចជំនាញ បាននាំយកវត្ថុតាងខាងលើមកបង្ខាំងទុកនៅកន្លែងចត្តាឡីស័កនៃការិយាល័យនៃមន្ទីរកសិកម្មខេត្តដើម្បីយកសំណាកវិភាគផ្ញើទៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីរងចាំអនុវត្តនីតិវិធីនិងផាកពិន័យ ។
ហើយវិធានការនេះ ត្រូវបានបង្កើនឡើងក្នុងឱកាសឈ្មួញលួចនាំចូលមាន់រស់ ក៏ដូចផលិតផលពីបក្សី សត្វជ្រូក គោក្របីឬបទល្មើសផ្សេងទៀត នៅតាមច្រករបៀងផ្សេងៗគឺជាការអនុវត្តផ្ទុយទាំងស្រុងពីគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃក៏ដូចការណែនាំ ដាក់បញ្ជាបន្ថែមរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនិងមន្ត្រីជំនាញពេទ្យសត្វផងដែរ៕ដោយ៖ វណ្ណា