ព័ត៌មានទាន់ហេតុការណ៍៖

សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ចំនួន​១២​នាក់ ត្រូវ​ដកសិទ្ធិ​មិន​ឲ្យ​ឈរឈ្មោះ ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​ហុងកុង​

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋាភិបាលហុងកុងអះអាងថា សកម្មជនប្រជាធិបតេយ្យហុងកុងចំនួន១២នាក់ ត្រូវបានដកសិទ្ធិមិនឲ្យឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាហុងកុងដែលធ្វើឡើងនៅខែកញ្ញាខាងមុខ ដោយពួកគេមិនគោរពតាមច្បាប់មូលដ្ឋាន និងមិនស្មោះត្រង់ចំពោះរដ្ឋាភិបាលតំបន់ និងរដ្ឋាភិបាលមជ្ឈិម សកម្មជនដែលត្រូវហាមឃាត់ បានប្រើប្រាស់បណ្ដាញសង្គមដើម្បីបញ្ជាក់ពីព័ត៌មាននេះ ហើយឆ្លៀតវាយប្រហារទីក្រុងប៉េកាំងផងដែរ

សកម្មជនមាននិន្នាការរកប្រជាធិបតេយ្យចំនួន១២នាក់ ដែលទាំងសមាជិកសភាផង មិនមានសិទ្ធិចូលរួមក្នុងការបោះឆ្នោតសភាខែកញ្ញាឡើយ ពួកគេបានរិះគន់ការសម្រេចចិត្តបែបនេះ ដោយចាត់ទុកជាការមិនការដើរថយប្រជាធិបតេយ្យនៅទីក្រុងរដ្ឋបាលពិសេសមួយនេះនិងថា ប៉េកាំងមិនខ្វល់ពីឆន្ទៈប្រជាជនហុងកុង ខណៈប្រទេសចិនសាទរ ប្រតិកម្មក៏ធ្លាក់ពីសហគមន៍អន្តរជាតិដែរ ដោយអង់គ្លេសបានរិះគន់ខ្លាំងជាងគេ

សកម្មជនវ័យក្មេងម្នាក់ គឺលោក ​Joshua Wong ដែលដឹកនាំបាតុកម្មកន្លងមក និយាយក្នុងវីដេអូដែលបង្ហោះលើបណ្ដាញសង្គមរបស់ខ្លួនថា៖ទីក្រុងប៉េកាំង បង្ហាញការមិនគោរពដល់ឆន្ទៈពលរដ្ឋហុងកុង ហើយជាន់ឈ្លីស្វ័យភាព និងប៉ុនប៉ងរក្សាសភាហុងកុងឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនលោកWong ចាត់ទុកការដកហូតសិទ្ធិនេះ ជាការបង្ក្រាបធំបំផុតលើចលនាប្រជាធិបតេយ្យ មិនថាសកម្មជនវ័យក្មេង សកម្មជនដែលមានជំហរកណ្ដាលឡើយ

បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បានបញ្ជាក់ថា សកម្មជនផ្សេងទៀតដែលត្រូវហាមឃាត់ដូច លោកWong ដែរនោះមានដូចជា៖Gwyneth Ho, Lester Shum, Tiffany Yuen និង Fergus Leung ដែលសុទ្ធសឹងជាអ្នករិះគន់ទីក្រុងប៉េកាំងមិនសំចៃមាត់ ចំណែកគណបក្សស៊ីវិលដែលជាបក្សនយោបាយធំមួយរបស់ហុងកុង ប្រកាសថា សមាជិករបស់ខ្លួនបួននាក់ ក៏មិនអាចឈរឈ្មោះបានដែរ

សូមជម្រាបថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលហុងកុង បានរងការរិះគន់ខ្លាំងពីអន្តរជាតិ អង់គ្លេស បានចេញមុខរិះគន់ចំៗចំពោះការដកសិទ្ធិសកម្មជនគាំទ្រប្រជាធិបតេយ្យនេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស Dominic Raab បានថ្កោលទោសការសម្រេចចិត្តរបស់ហុងកុង ដែលដកសិទ្ធិឈរឈ្មោះដោយផ្អែកលើទស្សនៈនយោបាយ លោកបានស្នើឲ្យរដ្ឋាភិបាលហុងកុងប្រកាន់ខ្ជាប់ការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះប្រជាជនក្នុងទីក្រុងមួយនេះ

ចំណែកឯសមាជិកសភាមកពីប្រទេសច្រើនទៀត ចាត់ទុកការដកសិទ្ធិនេះជាការបង្អាក់ដំណើរការប្រជាធិបតេយ្យផងដែរ «​យើងទទូចឲ្យសហគមន៍អន្តរជាតិឆ្លើយតបការធ្លាក់ចុះសិទ្ធិ និងសេរីភាពហុងកុង​» នេះជាសំណេរក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមសមាជិកសភាដែលដឹកនាំដោយសមាជិកព្រឹទ្ធសភាអាមេរិក Marco Rubio និងអតីតមេដឹកនាំបក្សអភិរក្សអង់គ្លេសIain Duncan Smith រីឯសមាជិកសភាអឺរ៉ុបវិញ ស្នើឲ្យដាក់ទណ្ឌកម្មលើលោក ការី ឡាំ ប្រមុខទីក្រុងហុងកុង

នៅពេលប្រទេសជាច្រើនរិះគន់ ក្រុងប៉េកាំងបានសាទរ ការិយាល័យទំនាក់ទំនងប៉េកាំង បានសរសើរការសម្រេចចិត្តខាងលើ ព្រោះសកម្មជនទាំងនោះ មានទស្សនៈនយោបាយធ្លាក់ដល់ចំណុចក្រហមទៅហើយការិយាល័យនេះបន្តថា ស្ថាប័ននីតិបញ្ញត្តិហុងកុង មិនអាចអនុញ្ញាតឲ្យអ្នកដែលមានទោស ព្យាយាមបំផ្លាញប្រទេសមួយ ប្រព័ន្ធពីរ ចូលក្នុងសាលប្រជុំឡើយ

គួរបញ្ជាក់ថា សភាហុងកុងមានសមាជិក៧០នាក់ ដោយ៣៥នាក់ ត្រូវបោះឆ្នោតជ្រើសរើសដោយផ្ទាល់ និង៣៥នាក់ទៀតជ្រើសរើសដោយស្ថាប័នតំណាងឧស្សាហកម្មរបស់ទីក្រុង ហើយដែលភាគច្រើនមានទំនោររកទៅទីក្រុងប៉េកាំង ក្រុមសកម្មជនគាំទ្រប្រជាធិបតេយ្យ រំពឹងយកការបោះឆ្នោតដើម្បីដណ្ដើមកៅអីទាំង៣៥ ដើម្បីងាយស្រួលតទល់ជាមួយអ្នកនយោបាយងាករកប៉េកាំង ដោយ៖ស តារា


ចែករំលែក៖