ខេត្តស្ទឹងត្រែង ៖ សូមជម្រាបជូនថា៖ ចំណុចប្រសព្វ ឭនៃទន្លេទាំងបួន ក្នុងនោះ មានទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និង ទន្លេស្រែពក ក្នុងខេត្តស្ទឹងត្រែង គឺជា វិសាលភាព របស់ប្រទេសកម្ពុជា ខណៈលើពិភពលោក មិនមានទន្លេ៤ជួបគ្នាបែបនេះ ហើយក៏ជាជម្រកសម្រាប់ត្រី មេ ពូជសំខាន់ៗ ដែលបានមកលាក់ខ្លួនក្នុង រដូវប្រាំងនិងពង – កូននៅដើមរដូវវស្សា តាមវដ្តជីវិតរបស់ពួកវា ។ ក្នុងនោះត្រីមេពូជ មួយចំនួនបានចាប់ផ្តើមទម្លាក់ពង នៅ ដើមខែឧសភា ពិសេសត្រីគ្រប់ប្រភេទមានរសជាតិឆ្ងាញ់បំផុត។
សូមបញ្ជាក់ថា៖ បើតាមមន្ត្រីជលផលបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ត្រីមេពូជសំខាន់ៗ ដូចជា៖ ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ ត្រីប្រាធំ ត្រីប៉ាវ៉ាមុខមួយ ប៉ាវ៉ាមុខពីរ ត្រីប៉ាសេអ៊ី ត្រីបបែលយក្ស ត្រីពោព្រុយ ត្រីក្អែកជាដើម។ល។ បានបង្កើតកូនយ៉ាងច្រើនសន្ធឹកសន្ធាប់ រាប់សិបកោដិលានក្បាល។ ជាពិសេស ពពួកត្រីរៀល ដែលតំណាងឲ្យ ៧០ភាគរយ នៃផលចាប់ត្រីក្នុងប្រទេសកម្ពុជា។ កូនត្រីតូចៗ ដែលទើបនឹងញាស់ទាំងនោះ បានបណ្តែតខ្លួនចុះមកតាមខ្សែទឹកខាងក្រោម ចូលទៅតាមទន្លេ ដៃទន្លេ បឹងទន្លេសាប និងតាមតំបន់វាលទំនាបលិចទឹកក្នុងអាងទន្លេមេគង្គទាំងមូល ដើម្បីរកចំណី និងធំធាត់។
មន្ត្រីបានបន្តថា៖ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ វដ្តពង-កូនរបស់ត្រីមេពូជទាំងនោះ ត្រូវបានរំខានដោយមនុស្ស និងធម្មជាតិ។ មនុស្ស បានចាប់ត្រីមេពូជរាប់សិបតោន ដោយឧបករណ៍នេសាទខុសច្បាប់ផ្សេងៗ ក្នុងរដូវបិទនេសាទ។ ធម្មជាតិ នៃលំហូរទឹកទន្លេមេគង្គមានការប្រែប្រួលយ៉ាងខ្លាំង។ រដូវទឹកដំឡើង បែជាគ្មានទឹក។ ទឹកឡើងយឺត តែស្រកលឿន និងមិនទៀងទាត់។ ការប្រែប្រួលទាំងនេះ សំណង់ទំនប់វារិអគ្គិសនីនៅតាមដងទន្លេមេគង្គផ្នែកខាងលើ ក្នុងប្រទេសចិន និងឡាវ បានចូលរួមចំណែកយ៉ាងធំ។
ដើម្បីធានានិរន្តរភាពនៃត្រីមេពូជ និងទប់ស្កាត់បទល្មើសនេសាទក្នុងតំបន់ ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានរឹតបន្តឹងការអនុវត្តច្បាប់ជលបានយ៉ាងល្អប្រសើរ។
សូមជម្រាបបន្តថា៖ ប្រជានេសាទ បានប្រមូលផលត្រីធម្មជាតិ ដែលគាត់រកតាមបែបឧបករណ៍ពីសម័យដូនតា បានយកមកលក់នៅទីរួមខេត្ត ដោយធ្វើដំណើរតាមទូកជារៀងរាល់ថ្ងៃ៕
ដោយ៖សិលា