អន្តរជាតិ៖គណបក្សប្រជាធិបតេយ្យអាមេរិក ដែលមាន លោក ចូបៃឌិនជាបេក្ខភាព បានបង្ហាញក្តីបារម្ភ យ៉ាងខ្លាំងពីការមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ឆ្នាំ២០២០ ហើយ លោកត្រាំ មិនព្រមចុះចេញពីអំណាច។ ក្តីបារម្ភរបស់គណបក្សប្រជាធិបតេយ្យកើតឡើង ក្រោយពេលដែល លោកត្រាំស្នើរពន្យារពេលបោះឆ្នោត។
សំណើរពន្យារពេលបោះឆ្នោតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បង្កក្តីបារម្ភយ៉ាងខ្លាំង ពី ការមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ឬបង្កផលលំបាកក្រោយការបោះឆ្នោត ។ កាលពីថ្ងៃទី ៣០ខែកក្កដា ប្រធានាធិបតីដូណាល់ត្រាំបានប្រកាសលើបណ្តាញសង្គមរបស់លោក ពីគម្រោងស្នើរពន្យារពេលបោះឆ្នោត នៅថ្ងៃទី ៣ខែវិច្ឆិកាឆ្នាំ២០២០ខាងមុខ។ ប៉ុន្តែ សំណើរលោកត្រាំមិនអាចសម្រេចបាននោះឡើយដោយសិទ្ធិក្នុងការសម្រេច គឺរដ្ឋសភាអាមេរិក ។
សូមបញ្ជាក់ផងដែរថា ចាបតាំងពីឆ្នាំ ១៨៤៥ រហូតមកដល់ពេលនេះ សភាអាមេរិក មិនដែលពន្យារពេលបោះឆ្នោតនោះឡើយ ។ ដូច្នេះលោកត្រាំក៏មិនអាច បង្កើតប្រវតិ្តសាស្ត្ររបស់ខ្លួនតាមរយៈការពន្យារពេលបោះឆ្នោតនោះដែរ។
នៅថ្ងៃទី៣១ ខែកក្កដានេះ ប្រធានាធិបតីត្រាំ បានបង្ហោះនៅលើបណ្តាញសង្គមTwitter របស់លោកថា លោកមិនចង់ពន្យារពេលបោះឆ្នោត ឆ្នាំ២០២០នោះឡើយ ប៉ុន្តែលោកបារម្ភពីការបោះឆ្នោតមានបញ្ហាមិនប្រក្រតី ដោយការបោះឆ្នោតតាមសំបុត្រប្រៃសណីយ៍។ លោកត្រាំបញ្ចាក់ថាការបោះឆ្នោតឆ្នាំ២០២០នេះ អាចក្លាយជាការបោះឆ្នោត មិនមានតម្លាភាពក្នុងប្រវត្តិសាស្ត្រអាមេរិក៕ដោយ៖ធី រីណា