ខេត្តត្បូងឃ្មុំ ៖ មួយរយៈនេះដំណាំកម្ពុជា មានទីផ្សារអន្តរជាតិ មានស្លឹកគ្រៃ ចេក ជាដើម ទើបកសិករធំៗ បែការដាំដុះ ប្តូរចង្វាក់ផលិតកម្មរបស់ខ្លួន ។
ជាក់ស្តែងបើ អ្នកជិះម៉ូតូតាមផ្លូវដែលក្រាលគ្របដោយដីក្រហម ចន្លោះចម្ការចេកមួយកន្លែងដែលផុសត្រដែតឡើងនៅចំកណ្ដាលចម្ការកៅស៊ូដ៏ធំល្វឹងល្វើយព័ទ្ធជុំវិញ ក្នុងនោះលោក ឈិន ជឺឆែង (Chen Zhiqang) ជាអ្នកវិនិយោគចិនកំពុងមមាញឹកជិះម៉ូតូត្រួតពិនិត្យការងាររបស់ក្រុមកម្មករជនជាតិខ្មែរប្រមាណ ៣៤០ នាក់។
នៅលើផេកក្នុងស្រុកមួយ បានធ្វើការបរិយាយ ពីចម្ការចេកមួយកន្លែងនេះ ដែលស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងដកស្តង់សំដី លោក Chen Zhiqang កំពុងបណ្ដាក់ទុនដាំដើមចេកលើផ្ទៃដី ២០០ ហិកតាជាមួយលោកឧកញ៉ា អាន ម៉ាឌី អ្នកវិនិយោគដ៏ធំខាងវិស័យកសិកម្ម។
តាមការអធិប្បាយ ពីតាមលោក Chen Zhiqang បញ្ជាក់ថា៖ ដើមចេកដែលដាំនេះជាប្រភេទចេកអំបូងលឿង និងត្រូវបាននាំពូជពីប្រទេសចិនមកដាំនៅទីនេះ។ នៅចម្ការចេករបស់លោកកាលពីពេលថ្មីៗថា៖ «ចិនបច្ចុប្បន្ន ដំណាំចេកខ្វះខាតច្រើន ហើយប្រជាជនចិនចូលចិត្តហូបផ្លែចេក។ ដល់អ៊ីចឹងទៅ ខ្ញុំត្រូវការមកស្រុកក្រៅដូចជាកម្ពុជា ឬប្រទេសផ្សេងដើម្បីរកចម្ការមកផលិតចេកនាំទៅប្រទេសចិនដើម្បីផ្គត់ផ្គង់ប្រជាជនរបស់ខ្ញុំ»។
សូមបញ្ជាក់ថា៖ ចេកអំបូងជាប្រភេទទំនិញដែលត្រូវបានចុះពិធីសារទទួលបានការអនុញ្ញាតឱ្យនាំពីកម្ពុជាចូលទៅកាន់ប្រទេសចិនដែលជាទីផ្សារធំមានប្រជាជន១.៣០០លាននាក់។ ចាប់តាំងពីការចុះពិធីសារកាលពីឆ្នាំ២០១៩មកវិនិយោគិនធំៗមកពីចិនដីគោកដូចជាលោក Chen Zhiqang កំពុងសហការជាមួយដៃគូកម្ពុជាដើម្បីដាំដំណាំចេកក្នុងទ្រង់ទ្រាយធំនាំចេញទៅប្រទេសចិន។
លោក Chen Zhiqang បានប្រាប់ក្នុងបទសម្ភាសន៍មួយយ៉ាងដូច្នេះថា៖ «ដោយសារទំនាក់ទំនងប្រទេសកម្ពុជាជាមួយប្រទេសចិនគឺល្អ តាំងពីជំនាន់ស្តេចសីហនុមក ក្រោយមក យើងក៏បានចុះហត្ថលេខាផ្លូវក្រវាត់ពាណិជ្ជកម្មចិនដល់អ៊ីចឹងទៅរឹតបន្តឹងមិត្តភាពបន្ថែម។ ដល់អ៊ីចឹងទៅ ខ្ញុំជ្រើសរើសវិនិយោគនៅប្រទេសកម្ពុជា ដោយសារទំនាក់ទំនងល្អ»។
ដីដាំចេកនេះស្ថិតក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ចទំហំជិត ៤ ពាន់ហិកតា ដែលរដ្ឋាភិបាលបានផ្ដល់ឲ្យក្រុមហ៊ុនលោក អាន ម៉ាឌី ដើម្បីដាំកៅស៊ូ។ ក្រុមហ៊ុនបានឆ្វៀលដីកៅស៊ូប្រមាណ ២០០ ហិកតារហូតមកដល់ពេលនេះដើម្បីយកដីដាំដើមចេក។
នៅលើផ្ទៃដីដាំដុះសព្វថ្ងៃនេះ លោក Chen Zhiqang បានឱ្យដឹងថា លោកអាចនាំចេញចេកប្រមាណ ១២.០០០តោនក្នុងមួយឆ្នាំៗ៕ដោយ៖សហការី