ភ្នំពេញ៖ នេះជាលើកទី២ហើយ ដែលសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការនិងប្រកាសសាលក្រម ផ្តន្ទាទោសលោកឧកញ៉ា សុខប៊ុន អ្នករកស៊ីខាងដីធ្លី ឲ្យជាប់ពន្ធនាគារ៧ឆ្នាំ កាលពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២០ ក្រោមការចោទប្រកាន់ថា ពាក់ព័ន្ធនឹងការរំលោភយកដីរដ្ឋនិងដីប្រជាជន។
យោងតាមប្រភពព័ត៌មានពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ថា តុលាការកំណត់ឲ្យលោក សុខ ប៊ុន ជាប់ពន្ធនាគារ ទាំង៧ឆ្នាំ ដោយគ្មានការព្យួរទោសខ្លះ ដូចលើកមុនឡើយ។ ហើយក្រៅពីលោក សុខ ប៊ុន នៅមានគ្នីគ្នារបស់លោក៥នាក់ទៀត ក៏ត្រូវជាប់ពន្ធនាគារដែរ។ក្នុងចំណោមពួកគេទាំង៥នាក់គឺ ២នាក់ ត្រូវជាប់ពន្ធនាគារ៧ឆ្នាំ ស្មើនឹងលោក សុខ ប៊ុន, ម្នាក់ ត្រូវជាប់ពន្ធនាគារ៦ឆ្នាំ, ម្នាក់ទៀត ត្រូវជាប់ពន្ធនាគារ៥ឆ្នាំ ខណៈ ម្នាក់ចុងក្រោយមានទោសធ្ងន់ជាងគេ គឺត្រូវជាប់ពន្ធនាគារដល់ទៅ១០ឆ្នាំ។
មិនត្រឹមតែប៉ុណ្ណោះជនជាប់ចោទទាំង៧នោះ ក្រៅពីជាប់ពន្ធនាគារហើយ ត្រូវតុលាការតម្រូវឲ្យពួកគេ បង់ថវិកា១០លានរៀលស្មើគ្នាក្នុងម្នាក់ៗ ចូលទៅរដ្ឋ។
សូមជម្រាបថា ជនជាប់ចោទទាំង៧នាក់ខាងលើនេះ រងការចោទប្រកាន់ថាពាក់ព័ន្ធនឹងការរំលោភយកដីសាធារណៈរបស់រដ្ឋ និងពាក់ព័ន្ធនឹងការក្លែងលិខិតបន្លំយកដីប្រជាពលរដ្ឋ នៅសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ។ ដោយពួកគេ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួននិងយកទៅសាកសួរកាលពីពាក់កណ្តាលឆ្នាំ២០១៩ ហើយបន្ទាប់មកក៏បញ្ជូនពួកគេ ទៅតុលាការរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
ដោយឡែកលោកឧកញ៉ា សុខ ប៊ុន ដែលមានអាយុ៤១ឆ្នាំ ត្រូវតុលាការ រកឃើញថា លោក ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈផ្តើមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និង កេងបំបាត់ដោយទុច្ចរិត ក្នុងរឿងដីធ្លីនេះ ដែលមានដល់ទៅរាប់រយហិកតា។
គួររំលឹកផងដែរថា លោកឧកញ៉ា សុខ ប៊ុន ធ្លាប់មានក្តីក្តាំនៅតុលាការម្តងរួចទៅហើយ កាលពីឆ្នាំ២០១៥ ដោយសារប្រើអំពើហិង្សាលើកញ្ញា ឯកសុជាតា ហៅ សាសា ជាអតីតពិធីការិនី។ កាលនោះ តុលាការរាជធានីភ្នំពេញ សម្រេចឲ្យលោក ជាប់ពន្ធនាគារ៣ឆ្នាំ តែអនុវត្តទោសតែ១០ខែប៉ុណ្ណោះ គឺមានន័យថា ២ឆ្នាំ២ខែទៀត លោក មិនស្ថិតក្នុងពន្ធនាគារនោះទេ។
បច្ចុប្បន្នប្រមុខរដ្ឋាភិបាល បញ្ជាឲ្យអង្គភាពប្រឆាំងអំពើពុករលួយ បន្តចាត់ការលើអ្នករំលោភដីរដ្ឋនិងដីប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះប្រមុខរដ្ឋាភិបាល ផ្ញើសារព្រមានចេញពីគណៈរដ្ឋមន្រ្តីនាពេលនោះថា៖« ដំណាក់កាលនេះ ត្រូវវះកាត់រាល់ជនខិលខូចទាំងឡាយណា ដែលឃុបឃិតគ្នាយកដីរដ្ឋនិងដីរបស់ប្រជាពលរដ្ឋ…ត្រូវផ្តន្ទាទោស ហើយឈានដល់ការដកហូតមុខតំណែង និងត្រូវបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជាតែម្តង»៕
ដោយ៖ស តារា