ខេត្តស្វាយរៀង: លោកស៊ូ ម៉ុល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកនិងជាអភិបាលស្រុករមាសហែក នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋ អាជីវករនិងសប្បុរសជននានាដែលចូលរួមបរិច្ចាគសម្ភារនិងថវិកាក្នុងគោលបំណងដើម្បីយកទៅចែកជូនវីរកងទ័ពជួរមុខនិងពលរដ្ឋកំពុងជម្លៀសខ្លួន ។
លោកបន្តថា សកម្មភាពនេះបានបង្ហាញឱ្យឃើញពីស្មារតីស្នេហាជាតិជាធ្លុងមួយ របស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅសមូរភូមិក្រោយ គាំទ្រនិងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលបាននិងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មោះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយកដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។
លោកបានឱ្យបញ្ជាក់ឱ្យដឹងទៀតថា៖ សម្រាប់ខឿនការពារជាតិប្រជាជននេះបងប្អូនប្រជាពលរដ្ឋយើងបានចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរដ្ឋបាលស្រុក ដើម្បីជាកិច្ចឆ្លើយតបជាមួយនឹងការលះបង់សាច់ស្រស់ឈាមស្រស់របស់វីរកងទ័ពជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជាពីចោរឈ្លានពានថៃ ជាមួយនឹងការចូលរួមរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកកំពុងតែជ្រូកកោននៅតាមទីតាំងសុវត្ថិភាពនានា។ ទាំងអស់នេះគឺជាទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងស្មារតីសមមរភូមិក្រោយជួយសមរភូមិមុខ, ស្មារតីខ្មែរជួយខ្មែរ។
ក្នុងឱកាសនោះ លោកអភិបាលស្រុក បានថ្លែងបន្តថា ទឹកចិត្តបងប្អូនប្រជាពលរដ្ឋតាមបណ្ដាឃុំទាំង១៦ក្នុងស្រុក កំពុងផុសផុលមកចូលរួមឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋដែលកំពុងជម្លៀសចេញមកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ។
បងប្អូនអាចបន្តចូលរួមបរិច្ចាគជាបន្តបន្ទាប់ទៀតបាន ក្នុងស្មារតីខ្មែរជួយខ្មែរ ។
សូមជម្រាបបងប្អូនសប្បុរសជននានាអាចបន្តចូលរួមបរិច្ចាគជាបន្តបន្ទាប់ទៀតបានដោយរដ្ឋបាលស្រុករមាសហែក ចាត់តាំងក្រុមការងារចាំទទួលសម្ភារនិងថវិកាតាមរយៈQR Codeផងដែរ៕ ដោយសុថាន

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច