ព័ត៌មានទាន់ហេតុការណ៍៖

ពីមុនគ្រាន់តែលែបខាយពាក្យសម្តីទេក្រោយមកចូលក្នុងបន្ទប់ចាប់រំលោភបានសម្រេច ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ជនសង្ស័យជាកម្មករសំណង់ម្នាក់ ពេលឃើញក្មេងស្រីស្នាក់នៅបន្ទប់ជាប់គ្នាមើលទៅដូចជាទំនង ក៏និយាយលែបខាយពាក្យសម្ដី លុះក្រោយមកទៀតឆ្លៀតពេលម្ដាយក្មេងស្រីរងគ្រោះមិននៅ ជននេះក៏ចូលទៅចាប់រំលោភបានសម្រេច ប៉ុន្តែស្អែកឡើងត្រូវបងស្រីជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន។ ករណីនេះ​បានកើតឡើងកាលពីថ្ងៃទី៣០ ខែកក្កដា​ឆ្នាំ២០២០វេលាម៉ោង៧និង០០នាទី​នៅចំណុចភូមិស្វាយជ្រំ  ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល  ខេត្តកណ្ដាល។

    មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ាន់ ចាន់ហួន ហៅ ក្លូ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង មានទីលំនៅភូមិក្រសាំង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​។ ចំណែកក្មេងស្រីរងគ្រោះមានអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងធំ ឃុំ ស្រឡប់ ស្រុកត្បូងឃ្មុំ  ខេត្តត្បូងឃ្មុំ ។ 

    ប្រភពដដែលបន្តថា ជនរងគ្រោះនិងម្ដាយរួមទាំងបងស្រីបានចាកចេញពីស្រុកកំណើតនៅខេត្តត្បូងឃ្មុំ មកស្នាក់នៅផ្ទះជួលក្នុងភូមិស្វាយជ្រំ ឃុំ ស្វាយជ្រំ ដើម្បីធ្វើសំណង់ក្នុងបុរីចតុមុខ ឯជនសង្ស័យក៏មកស្នាក់នៅផ្ទះជួលដើម្បីធ្វើសំណង់ក្នុងបុរីចតុមុខនោះដែរ ដោយមានបន្ទប់ស្នាក់នៅក្បែរគ្នា។នៅក្នុងអំឡុងខែមិថុនា​ ឆ្នាំ២០២០​វេលាម៉ោង១០និង០០នាទី ជនសង្ស័យបានចូលទៅក្នុងបន្ទប់ជួលជនរងគ្រោះ ពេលនោះ ជនសង្ស័យបាននិយាយលែបខាយពាក្យសម្តីថា «អញសុំបឺតមាត់និងឱបមួយ» តែជនរងគ្រោះមិនឆ្លើយតបទេ​ រួចរត់ចេញពីបន្ទប់មកក្រៅ ។ ក្រោយមកប្រាប់ម្តាយដែរ តែម្តាយមិនប្តឹងសមត្ថកិច្ចទេព្រោះគិតថាមិនបានប៉ះពាល់ផង។លុះមកដល់ថ្ងៃទី៣០ ខែកក្កដា​ឆ្នាំ២០២០ វេលាម៉ោង៦និង៣០នាទី​ខណៈបងស្រីបង្កើតជនរងគ្រោះចេញទៅធ្វើការ ទុកជនរងគ្រោះឲ្យដេកនៅជាមួយក្មួយដោយបិទទ្វារបន្ទប់តែមិនបានដាក់គន្លឹះទ្វារទេ។លុះមកដល់ម៉ោង៧និង០០នាទីជនសង្ស័យបានរុញទ្វារបន្ទប់ចូលក្នុងបន្ទប់ជនរងគ្រោះរួចស្ទុះទៅចាប់រំលោភជនរងគ្រោះ ហើយជនរងគ្រោះខំស្រែកឱ្យគេជួយដែរតែស្រែកមិនរួចឡើយព្រោះជនសង្ស័យបាន យកដៃទៅខ្ទប់មាត់រួចធ្វើសកម្មភាពរំលោភរហូតបានសម្រេច។ ពេលរំលោភរួច ជនសង្ស័យបានដើរចេញទៅបន្ទប់របស់ខ្លួន។ បន្ទាប់មកជនរងគ្រោះបានទូរស័ព្ទប្រាប់បងស្រីរបស់ខ្លួន ហើយបងស្រី,​ម្តាយ និងបងថ្លៃប្រុសបានជិះម៉ូតូមកកន្លែងកើតធ្វើការឃាត់ជនសង្ស័យនិងរាយការណ៍ជូននគរបាលប៉ុស្តិ៍ស្វាយជ្រំដើម្បីចាត់ការតាមច្បាប់។ 

   ភ្លាមនោះ កម្លាំងប៉ុស្តិ៍ស្វាយជ្រំបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធី​៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖