បន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានស្លាប់បន្ទាប់ពីក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យរងរបួសធ្ងន់ដោយសារកាប់ដើមឈើយកទៅដុតធ្យូងហើយត្រូវដើមឈើដួលសង្កត់លើ កាលពីវេលាម៉ោង១២និង២៥នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២០២០ នៅចំណុចវាលត្រពាំងវែងខាងជើងភូមិកណ្តោប្រមាណ១០គីឡូម៉ែត្រ ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
មន្រ្តីនគរបាលស្រុកថ្មពួកបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ចង វ៉ឺត ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក ។នៅមុនពេលកើតហេតុ ជនរងគ្រោះនិងប្រពន្ធបាននាំគ្នាទៅកាប់ដើមឈើនៅចំណុចវាលត្រពាំងវែង ខាងជើងភូមិ ដើម្បីយកមកដុតធ្វើធ្យូងយកទៅលក់ចិញ្ចឹមជីវិត។ពេលដែលកំពុងអារក្រឡឹងគល់ស្រាប់តែខ្យល់បក់ធ្វើឲ្យដើមឈើដួលសង្កត់លើ ពេលនោះប្រពន្ធរត់ចេញរួចក៏បានស្រែកឲ្យអ្នកស្រុកនៅភ្ជួរស្រែរក្បែរនោះជួយ និងដឹកមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកថ្មពួក តែជាអកុសលដោយរបួសធ្ងន់ធ្ងរពេកជនរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្តង ។
បញ្ហានេះលោកអធិការស្រុកថ្មពួកលោកសៅ សារឿនបញ្ជាក់បន្ថែមថាក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវស៊ើបអង្កេតហើយដោយមានការបញ្ជាក់អះអាងពីប្រពន្ធរបស់សពនិងបងប្អូនប្រជាពលរដ្ឋដែលទៅជួយសង្ក្រោះនោះថា ជនរងគ្រោះពិតជាដើមឈើកៀបសង្កត់ស្លាប់ដោយខ្លួនឯងប្រាដកមែនគ្មានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្ម នោះទេព្រោះសំអាងថាសពជនរងគ្រោះគ្មានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់និងអំពើឃាតកម្មឡើយ។បន្ទាប់មកសាក សពត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ដោយ៖វណ្ណា