អន្តរជាតិ៖ ខណៈដែលស្ថានការណ៍សហរដ្ឋអាមេរិក និងប្រទេសចិន កំពុងតែមានភាពតានតឹងជាមួយគ្នា កាន់តែធ្ងន់ធ្ងរឡើងៗ ។ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា លោកមានផែនការបិទបណ្ដាញទំនាក់ទំនងសង្គមចិន TikTok មិនឱ្យដំណើរការនៅក្នុងសហរដ្ឋអាមេរិកតទៅទៀតនោះទេ ។
បើតាមសារព័ត៌មាន The Hill បានចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី០១ខែសីហា ឆ្នាំ២០២០នេះថា ប្រធានាធិបតីអាមេរិកលោក ត្រាំ បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One យ៉ាងខ្លីថា៖ «ដោយសារតែបច្ចុប្បន្ន TikTok គឺជាក្ដីព្រួយបារម្ភ យើងកំពុងរៀបចំបិទបណ្ដាញទំនាក់ទំនងសង្គមមួយនេះ មិនឱ្យធ្វើ ប្រតិបត្តិការនៅក្នុងសហរដ្ឋអាមេរិកតទៅទៀត»។ ប្រធានាធិបតីរូបនេះ បន្ថែមថា លោកអាចនឹងប្រើប្រាស់អំណាចប្រកាសអាសន្នខាងសេដ្ឋកិច្ច ឬបទបញ្ជាប្រតិបត្តិ ដើម្បីបិទTikTok នៅក្នុងសហរដ្ឋអាមេរិក ហើយលោកផ្ទាល់ក៏មិនគាំទ្រឱ្យក្រុមហ៊ុនអាមេរិកណាមួយទិញ TikTok នោះដែរ។
បច្ចុប្បន្នសហរដ្ឋអាមេរិក បានចោទប្រកាន់ក្រុមហ៊ុន TikTok ថា មានទំនាក់ទំនងជិតសិ្នទ្ធជាមួយគណបក្សកុម្មុយនិស្ដចិន និងជាការគំរាមកំហែងមួយ ដល់សន្តិសុខជាតិអាមេរិក ដោយសារតែបណ្ដាញទំនាក់ទំនងសង្គមមួយនេះ ត្រូវបានចិនប្រើប្រាស់ដើម្បីស៊ើបការណ៍ និងលួចព័ត៌មានសម្ងាត់នានា។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ក៏បានដាក់បម្រាមប្រើប្រាស់ TikTok នៅតាមស្ថាប័នយោធា និងរដ្ឋាភិបាលផងដែរ។ ក៏ប៉ុន្តែទាំងក្រុមហ៊ុនTikTok និងទីក្រុងប៉េកាំង បានទាត់ចោល រាល់ការចោទប្រកាន់របស់សហរដ្ឋអាមេរិកផងដែរ៕ដោយ៖ស តារា