អន្តរជាតិ៖ កាលពីថ្ងៃសុក្រ ទី៣១ ខែកក្កដាម្សិលមិញនេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីនបានប្រកាសឲ្យប្រជាជនរបស់ខ្លួន ប្រើប្រាស់សាំងដើម្បីសម្លាប់មេរោគនៅលើម៉ាស ។ មិនតែប៉ុណ្ណោះលោកបានសង្កត់ធ្ងន់ថា “ដំបូន្មាននេះមិនមែនជារឿងលេងសើចនោះទេ“។ប៉ុន្តែបើតាមអ្នកជំនាញឯកទេសផ្នែកវេជ្ជសាស្ត្រជាច្រើនរូប បានចេញមុខព្រមានថា ការណែនាំរបស់លោកប្រធានាធិបតី មិនត្រូវអនុវត្តតាមនោះទេព្រោះវាគ្រោះថ្នាក់ខ្លាំងណាស់ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០នេះ ។
ចំណែកអ្នកនាំពាក្យរបស់លោក ឌូតឺតេ បានបញ្ជាក់វិញថា៖ “នេះជារឿងលេងសើចប៉ុណ្ណោះ” និងបានក្រើនរំលឹកដល់សាធារណជនថាលោក ឌូតឺតេជារឿយៗចូលចិត្តនិយាយរឿងកំប្លែង។ ប៉ុន្តែនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃសុក្រម្សិលមិញ លោក Duterte បាននិយាយថា អ្វីដែលលោកនិយាយនេះ «គឺជាការពិត និងមិនមែនជារឿងលេងសើចនោះទេ»។ ព្រោះកន្លងមក មេដឹកនាំរូបនេះ ក៏បានធ្វើការលើកឡើងស្រដៀងគ្នានេះដែរកាលពីសប្តាហ៍មុន អំពីការប្រើប្រាស់សាំងសម្រាប់សំអាតម៉ាសក្នុងករណីដែលមិនមានសាប៊ូ ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ជាក់ស្តែងបានដកស្រង់សម្តីលោកចូស សាន់ត្យាហ្គោ (Jose Santiago) ប្រធានសមាគមវេជ្ជសាស្ត្រហ្វីលីពីន បានប្រាប់ថា៖ “អ្នកមិនអាចប្រើប្រាស់សាំង ដើម្បីសម្លាប់មេរោគនៅលើម៉ាសបានទេ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ ដល់ប្រព័ន្ធផ្លូវដង្ហើម” ។អ្នកឯកទេសរូបនេះ បានធ្វើការណែនាំឲ្យប្រើសាប៊ូ និងទឹក ដើម្បីសម្អាតម៉ាសវិញ។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ចុងក្រោយនេះ បានបញ្ជាក់ថាប្រទេសហ្វីលីពីនមានករណីឆ្លង COVID-19 កើនឡើងច្រើនជាងគេលំដាប់លេខ ២ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ខណៈលោក ឌូតឺតេបានអំពាវនាវឲ្យគ្រប់គ្នាបន្តអនុវត្តវិធានការរឹតត្បិតដើម្បីទប់ស្កាត់ការរីករាលដាលកាន់តែខ្លាំង ហើយបុរសខ្លាំងរូបនេះបានសន្យាថា ប្រទេសហ្វីលីពីននឹងវិលទៅរកភាពប្រក្រតីវិញ នាខែធ្នូខាងមុខ។
បើគិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ ករណីឆ្លងជំងឺ COVID-19 នៅហ្វីលីពីនមានសរុបជាង ៩៣,៣០០ករណី ក្នុងនោះស្លាប់ជាង ២,០០០នាក់ និងជាសះស្បើយឡើងវិញជាង ៦៥,១០០នាក់។ ប្រមុខដឹកនាំហ្វីលីពីន ក៏បានធ្វើការទាក់ទងទៅកាន់ប្រទេសចិនផងដែរ ដើម្បីស្នើសុំទិញវ៉ាក់សាំងCOVID-19 ជាអាទិភាព ហើយចិនបានយល់ព្រមចំពោះសំណើនេះរួចហើយ៕ដោយ៖ស តារា