ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះបង្រ្កាបរបាំងដាក់កាត់បិទស្ទឹងចាប់ត្រីរបស់ឈ្មួញ ជាលើកទី២ តែជនប្រព្រឹត្តិគេចបាត់ដដែល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្រ្តីនាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសា ដឹកនាំដោយលោកភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ រួមសហការដោយនាយសង្កាត់រដ្ឋបាលជលផលកំពង់លួង និងកងកម្លាំងប្រដាប់អាវុធតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ ចុះបង្រ្កាបបទល្មើសនេសាទប្រភេទរបាំងសាច់អ៊ួន ដែលដាក់កាត់ស្ទឹងបិទជិតឈឹងនារដូវបិទនេសាទដែលនេះជាការបង្រ្កាបលើកទី២ ខណៈលើកទី១គេឃើញធ្វើកិច្ចសន្យាអប់រំ

ករណីកម្លាំងសហការបង្រ្កាបឧបករណ៍ចាប់ត្រី(របាំងសាច់)ដាក់កាត់បិទស្ទឹងខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ឆ្នាំជូត ទោស័ក. ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ក្នុងទឹកស្ទឹងត្រង់ចំណុចអង្កចំទើត ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរខេត្តពោធិ៍សាត់

សេចក្ដីរាយការណ៍ពីក្រុមការងារចុះអនុវត្តការបង្រ្កាបប្រាប់ថា ជាលទ្ធផល កម្លាំងអនុវត្តបានរបាំងសាច់ដាក់កាត់បិទស្ទឹង១ខ្សែ ប្រវែងប្រមាណចំនួន២០ម៉ែត្រ  បង្គោលចំរឹងចំនួន ៣០ដើម និងចាក់លែងត្រីចំរុះចូលក្នុងទឹកស្ទឹងវិញចំនួន ៣គីឡូក្រាម

សេចក្ដីរាយការណ៍ដដែលបន្តទៀតថា ឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល(របាំងសាច់អួន)ដែលជនប្រព្រិត្តដាក់កាត់បិតស្ទឹង ដើម្បីចាប់ត្រីនារដូវបិតនេសាទ ដែលជាវត្ថុតាងជាក់ស្ដែងខាងលើនេះ ត្រូវបានកម្លាំងបំផ្លាញចោលនៅនឹងកន្លែង ចំណែកជនប្រព្រិត្តបទល្មើសនេសាទនេះគេចខ្លួន

គួររំលឹកផងដែរថា គេនៅចាំបានកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ ករណីជនដែលប្រព្រឹត្តិដាក់របាំងសាច់អួនកាត់បិទស្ទឹងខាងលើត្រូវលោក កាំង សុវណ្ណ នាយសង្កាត់រដ្ឋបាលជលផលសំពៅមាសទទួលបញ្ជាដឹកនាំក្រុមការងារចុះបង្រ្កាបរួចម្តងមកហើយដែលគេដឹងថាបានធ្វើកិច្ចសន្យាបញ្ឈប់ជាមួយជននោះ ប៉ុន្តែជននោះមិនត្រឹមតែមិនញញើតនឹងកិច្ចសន្យានោះទេ គឺបានប្រព្រឹត្តិជារៀងរហូតមកដល់ថ្ងៃនេះ ទើបសមត្ថកិច្ចជំនាញបង្រ្កាបម្តងទៀត ហើយថែមទាំងគេចខ្លួនបាត់ថែមទៀតផងដែរធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត ដូច្នេះតើជនប្រព្រឹត្តិរូបនេះអាចឈប់ប្រព្រឹត្តិដែរទេ ?  ដោយ៖បុឹម ពិន


ចែករំលែក៖