អន្តរជាតិ៖ នៅថ្ងៃ ទី២ ខែសីហា ខ្មាន់កាំភ្លើង ក្រុម បូកូហារ៉ាម (Boko Haram)បានវាយប្រហារដោយ គ្រាប់បែក នៅភាគខាងជើង ប្រទេស កាម៉េរ៉ូន(Cameroon) បណ្តាលឲ្យមនុស្ស១៣នាក់ស្លាប់ និង៨នាក់រងរបួស ។
តាមប្រភពព័ត៌មានសន្តិសុខ និងមន្ត្រីក្នុងតំបន់បានឲ្យដឹងថា មកទល់ពេលនេះ មិនទាន់ដឹងច្បាស់ថាក្រុមណាវាយប្រហារនៅឡើយទេ។ ជនដៃដល់បានគប់គ្រាប់បែកចូលក្នុងជំរុំសម្រាប់ជនភៀសខ្លួន នៅក្នុងឃុំ Mozogo ជាប់ព្រំដែន ប្រទេស នីហ្សេរីយ៉ា។ ពលរដ្ឋនៅកន្លែងកើតហេតុថាមានមនុស្ស ១៣នាក់ស្លាប់ ចំណែកព័ត៌មាន ពីសន្តិសុខថាមានអ្នកស្លាប់ដល់ទៅ១៥នាក់ និងពីរនាក់របួសធ្ងន់។
មកទល់ពេលនេះមិនទាន់មានក្រុមណាមួយ ចេញមុខទទួលស្គាល់នៅឡើយទេ។ ប៉ុន្តែនៅតំបន់នោះគ្មានក្រុមណាក្រៅពី ក្រុមបូកូហារ៉ាមនោះឡើយ។ ក្រុមបូកូហារ៉ាម Boko Haram បានចាប់ផ្តើមធ្វើសកម្មភាព នៅតំបន់ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា តាំងពិឆ្នាំ២០០៩ ដោយមានបំណងបង្កើតទីតាំងគ្រប់គ្រងស្វ័យភាព បង្កើតជាប្រទេសអ៊ីស្លាម។ ក្រោយមកក្រុមនេះមានគម្រោងពង្រីង ទីតាំងទៅកាន់ប្រទេសជិតខាង ដូចជា Niger, Cameroon និង Chad។ ក្រុមបូកូហារ៉ាម បានបង្កឲ្យមានអំពើហិង្សា ការវាយប្រហារជាច្រើនកើតឡើង បណ្តាលឲ្យមនុស្សរាប់សិបពាន់នាក់ស្លាប់និងរាប់មុឺននាក់ត្រូវភៀសខ្លួន។
នៅខែមិថុនាឆ្នាំ២០១៩ ក្រុមឧទ្ទាមបូកូហារ៉ាម ប្រមាណ៣០០ នាក់បានវាយប្រហារ នៅប្រទេស ឆាត និងតំបន់ភាគខាងជើងប្រទេស កាម៉េរ៉ូន សម្លាប់មនុស្ស ២៤នាក់ ក្នុងនោះមានទាហានកាម៉េរ៉ូន១៦នាក់៕ដោយ៖ធី រីណា