ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលអាមេរិក ចំណាយប្រាក់ ជាង​២ពាន់លានដុល្លារ ​សម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋាភិបាលអាមេរិក បានសម្រេចចំណាយប្រាក់​២,១ពាន់លានដុល្លារ ដើម្បី ជួយដល់សកម្មភាពផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ឲ្យបានឆាប់បំផុត ក្នុងនោះមានការកផលិតវ៉ាក់សាំងនេះ​១០០លានដូស ក្នុងដំណាក់កាលដំបូង​។
សកម្មភាពខាងលើ​របស់អាមេរិក កើតឡើងក្រោយពេលរុស្ស៊ីបានប្រកាស ថានឹងអនុម័ត វ៉ាក់សាំងប្រឆាំងកូវីដ​នៅថ្ងៃទី​១០ ខែសីហា ខាងមុខនេះ ហើយនិងចាក់ថ្នាំបង្កាដល់ពលរដ្ឋទាំងអស់ នៅខែតុលាឆ្នាំ​២០២០។
រដ្ឋាភិបាលអាមេរិក ទើបតែបានចុះហត្ថលេខលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថ​របស់ប្រទេសបារាំងSanofi និងGlaxoSmithKline (GSK) របស់អង់គ្លេស​​ដោយត្រូវចំណាយប្រាក់ដល់ទៅ​២,១ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់វ៉ាក់សាំង គ្រាប់គ្រាន់ព្យាបាលដល់អ្នកជំងឺ​៥០លាននាក់ និង ទិញបន្ថែម​៥០០លានដូស​ទៀត។
តាមសារព័ត៌មាន Sputnik បានផ្សាយថា កិច្ចព្រមព្រៀង ថ្មីបំផុត​គឺជាការធានា​ដល់ការផលិតវ៉ាក់សាំង​កូវីដ​-១៩ ឲ្យបានលឿនបំផុត​ គឺនៅចុងឆ្នាំនេះតែម្តង។ ក្រុមហ៊ុនឱសថ របស់បារាំងនិងអង់គ្លេស​ បានឲ្យដឹងថា នឹងចាប់ផ្តើមធ្វើតេស្ត ចុងក្រោយនៅខែកញ្ញា​​។ ហើយការផលិតវ៉ាក់សាំងនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២០។
ក្រោយការធ្វើតេស្តបានជោគជ័យ ក្រុមហ៊ុន Sanofi និង GSK នឹងបង្កើនការផលិត ជាទ្រង់ទ្រាយធំ ដោយក្នុង​១ឆ្នាំៗផលិតបាន ១ពាន់លានដូស​៕ដោយ៖ធី រីណា


ចែករំលែក៖