អន្តរជាតិ៖ រដ្ឋាភិបាលអាមេរិក បានសម្រេចចំណាយប្រាក់២,១ពាន់លានដុល្លារ ដើម្បី ជួយដល់សកម្មភាពផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ឲ្យបានឆាប់បំផុត ក្នុងនោះមានការកផលិតវ៉ាក់សាំងនេះ១០០លានដូស ក្នុងដំណាក់កាលដំបូង។
សកម្មភាពខាងលើរបស់អាមេរិក កើតឡើងក្រោយពេលរុស្ស៊ីបានប្រកាស ថានឹងអនុម័ត វ៉ាក់សាំងប្រឆាំងកូវីដនៅថ្ងៃទី១០ ខែសីហា ខាងមុខនេះ ហើយនិងចាក់ថ្នាំបង្កាដល់ពលរដ្ឋទាំងអស់ នៅខែតុលាឆ្នាំ២០២០។
រដ្ឋាភិបាលអាមេរិក ទើបតែបានចុះហត្ថលេខលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថរបស់ប្រទេសបារាំងSanofi និងGlaxoSmithKline (GSK) របស់អង់គ្លេសដោយត្រូវចំណាយប្រាក់ដល់ទៅ២,១ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់វ៉ាក់សាំង គ្រាប់គ្រាន់ព្យាបាលដល់អ្នកជំងឺ៥០លាននាក់ និង ទិញបន្ថែម៥០០លានដូសទៀត។
តាមសារព័ត៌មាន Sputnik បានផ្សាយថា កិច្ចព្រមព្រៀង ថ្មីបំផុតគឺជាការធានាដល់ការផលិតវ៉ាក់សាំងកូវីដ-១៩ ឲ្យបានលឿនបំផុត គឺនៅចុងឆ្នាំនេះតែម្តង។ ក្រុមហ៊ុនឱសថ របស់បារាំងនិងអង់គ្លេស បានឲ្យដឹងថា នឹងចាប់ផ្តើមធ្វើតេស្ត ចុងក្រោយនៅខែកញ្ញា។ ហើយការផលិតវ៉ាក់សាំងនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២០។
ក្រោយការធ្វើតេស្តបានជោគជ័យ ក្រុមហ៊ុន Sanofi និង GSK នឹងបង្កើនការផលិត ជាទ្រង់ទ្រាយធំ ដោយក្នុង១ឆ្នាំៗផលិតបាន ១ពាន់លានដូស៕ដោយ៖ធី រីណា