អន្តរជាតិ៖ មន្ត្រីឯកភាពជាតិកូរ៉េខាងត្បូងបានប្រកាសថា ចាប់តាំងពីខែកក្កដា មកដល់ថ្ងៃទី៣ ខែសីហាកូរ៉េខាងជើងបានបើកទំនប់ទឹកដល់ទៅ៣លើកដោយមិនបានផ្តល់ព័ត៌មានមកដល់ភាគីកូរ៉េខាងត្បូង ដែលស្ថិតនៅវាលទំនាបងាយរងគ្រោះដោយទឹកជំនន់នោះឡើយ។
សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយនៅថ្ងៃទី៤ ខែសីហាថា កូរ៉េខាងជើងបានបន្តបើកទំនប់នៅដើមសប្តាហ៍នេះដោយមិនបានផ្តល់ព័ត៌មានឲ្យភាគីកូរ៉េខាងត្បូងបានដឹងនោះឡើយ ដែលជាការបំពានលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។ កាលពីថ្ងៃទី ៣ ខែសីហា កូរ៉េខាងជើង បានសម្រេចបើកទ្វារទំនប់ទឹក Hwanggang ចូលទៅដងទន្លេ Imijin។ ការបើកទំនប់ដោយមិនផ្តល់ដំណឹងនេះធ្វើឲ្យមន្ត្រីក្នុងតំបន់ប្រកាសអាសន្នពីគ្រោះទឹកជំនន់ដែលអាចកើតឡើងនៅតំបន់ព្រំដែនកូរ៉េខាងត្បូង។
មន្ត្រីកូរ៉េខាងត្បូងបានប្រកាសថា ចាប់តាំងពីខែកក្កដាមកដល់ថ្ងៃទី៣ ខែសីហា កូរ៉េខាងជើងបានបើកទំនប់ដល់ទៅ៣លើកដោយមិនបានផ្តល់ព័ត៌មានសោះឡើយ។ នៅពេលនេះកូរ៉េខាងត្បូងបានសហការជាមួយភាគីពាក់ព័ន្ធដើម្បីរក្សាទំនាក់ទំនងជាមួយកូរ៉េខាងជើង ដើម្បីទទួលបានដំណឹងមុនពេលបើកទំនប់។
តាមកិច្ចព្រមព្រៀងទ្វេភាគីដែលបានចុះហត្ថលេខាកាលពីខែតុលាឆ្នាំ២០០៩ ក្រោយហេតុការណ៍បើកទំនប់ទឹកHwanggangធ្វើឲ្យ ពលរដ្ឋកូរ៉េខាងត្បូង៦នាក់ស្លាប់។ ទាំងនោះហើយទើបភាគីទាំងពីរបានព្រមព្រៀងគ្នាថា មុនពេលបើកទំនប់ភាគីកូរ៉េខាងជើងត្រូវតែផ្តល់ព័ត៌មានជាមុន៕ដោយ៖ធី រីណា