ខេត្តកណ្តាល៖ ដោយសារតែការធ្វេសប្រហែស បណ្ដាលឲ្យក្មេងប្រុសម្នាក់អាយុ០៩ឆ្នាំបានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាន់ពីទ្វារដែកផ្ទះរលំសង្កត់ពីលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៥ និង៤០នាទីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅផ្ទះឈ្មោះ ឆោម ឈាង ភេទប្រុសអាយុ៥១ឆ្នាំ មានប្រពន្ធឈ្មោះយាវ គី អាយុ៥០ឆ្នាំ នៅភូមិព្រែកតូច ឃុំព្រែកដាច់ស្រុកលើកដែក ខេត្តកណ្ដាល។
មន្រ្តីមូលដ្ឋានបានឲ្យដឹងថា សពគ្រោះមានឈ្មោះ រុន ចំរុង ភេទប្រុសអាយុ០៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកដាច់ស្រុកលើកដែក ខេត្តកណ្ដាល។
មន្រ្តីដដែលបន្តថា កាលពីថ្ងែទី០៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៥ និង៤០នាទី កុមារាឈ្មោះ រុន ចំរុង និងគ្នីគ្នា៤ទៅ៥នាក់បាននាំគ្នាមកលេងនៅក្នុងដីឡូរ៍របស់ជីតាឈ្មោះ ឆោម ឈាង និងយាយឈ្មោះយាវ គី ដោយរុញទ្វាររបងលេង ទៅមកៗធ្វើឲ្យផុតគន្លឹះខ្ទាស់ទ្វារបណ្ដាលឲ្យរលំទ្វារដែកសង្កត់ពីលើក្មេងប្រុស២នាក់ ទីមួយឈ្មោះរុនចំរុង (ក្មេងរងគ្រោះស្លាប់) និងទីពីរឈ្មោះភារ៉ា ឆៃរ៉ាត់ អាយុ១០ឆ្នាំ ត្រូវចំជើងឆ្វេងរបួសស្រាល។
បើតាមការបំភ្លឺរបស់ឈ្មោះសយ ស្រីនាង ភេទស្រី អាយុ២៩ឆ្នាំមុខរបរលក់ដូរមានទីលំនៅជាប់ផ្ទះកើតហេតុបានបញ្ចាក់ថា មុនពេលកើតហេតុខ្លួនបានឃើញក្មេងៗមានគ្នាមួយក្រុមបានចូលទៅក្នុងដីឡូតិ៍ជាប់ផ្ទះរបស់ខ្លួន បានមួយសន្ទុះក្រោយមកមានឮ សំលេងគ្រាំង ខ្លួននិងប្ដីក៏បានទៅមើលឃើញទ្វាររបងដែករលំសង្កត់ក្មេង ពេលនោះប្ដីខ្លួនបានហៅគ្នាគាស់លើកទ្វារទាញយកក្មេងចេញ ឃើញមានស្នាមបែកក្បាលផុងលលាដ៏ដោយមិនមានកំរើកនិងដកដង្ហើមទេ ហើយប្ដីខ្លួនក៏បានលើកបីក្មេងរងគ្រោះរត់ឆ្លងផ្លូវយកទៅដាក់លើគ្រែក្រោមផ្ទះក្មេងរងគ្រោះ។
ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុពិនិត្យឃើញថាក្មេងរងគ្រោះ ពិតជាស្លាប់ដោយរលំទ្វារសង្កត់ពិតប្រាកដមែន។ករណីខាងលើនេះឪពុកម្ដាយក្មេងរងគ្រោះ សំណូមពរ ដល់សមត្ថកិច្ចជំនាញមិនបាច់ធ្វើការពិនិត្យលើសាកសពកូនរបស់ខ្លួន និងយកសពធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សហការី