ព័ត៌មានទាន់ហេតុការណ៍៖

ហ្វីលីពីនដាក់ពង្រាយកម្លាំងប៉ូលិស ទាហានតាមដានពលរដ្ឋអនុវត្តច្បាប់បម្រាមគោចរ

ចែករំលែក៖

ប្រទេសហ្វីលីពីន៖ តាមច្បាប់​បម្រាមថ្មីដើម្បីទប់ស្កាត់ការឆ្លងកូវីដ​​-១៩ រដ្ឋាភិបាលហ្វីលីពីនបានសម្រេចឲ្យផ្អាករាល់សេវាកម្មដឹកជញ្ជូន​សាធារណៈ ហើយភោជនីយដ្ឋានបានត្រឹមតែ​ដឹកជញ្ជូនអាហារ​ទៅតាមផ្ទះតែប៉ុណ្ណោះ។ ចំណែក ហាងកាត់សក់ កែសម្ផស្ស…ត្រូវបិទទ្វារ​។
កម្លាំងប៉ូលិសនិងទាហាន ហ្វីលីពីន​បានដាក់ពង្រាយនៅទីក្រុងម៉ានីល​ដើម្បីត្រួតពិនិត្យ​ការអនុវតច្បាប់បិទទីក្រុង​ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-​១៩​ តាមការអំពាវនាវរបស់ក្រុមគ្រូពេទ្យ ក្រោយមានអ្នកឆ្លងច្រើនបំផុតមិនធ្លាប់មាន​។
ទីក្រុងម៉ានីល ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចជាតិ​​ និងជាទីកន្លែងរស់នៅរបស់ពលរដ្ឋជាង​២៨លាននាក់ ស្មើ​១ភាគ​៤នៃពលរដ្ឋសរុប។ ច្បាប់បិទទីក្រុងជាថ្មី មានរយៈពេល​តែ​២សប្តាហ៍ប៉ុណ្ណោះ ដោយចាប់ផ្តើមឡើងនៅថ្ងៃទី ៤ខែសីហានេះ។
ពលរដ្ឋនៅក្នុងទីក្រុងទាំងអស់ត្រូវស្នើឲ្យនៅក្នុងផ្ទះ ហើយក្នុងមួយគ្រួសារមានសមាជិកតែម្នាក់ប៉ុណ្ណោះ មានសិទ្ធិចេញក្រៅដើម្បីទិញអាហារនិងសម្ភារប្រើប្រាស់ចំាបាច់តែប៉ុណ្ណោះ​។
ការកាត់បន្ថយការរឹតត្បិត​កាលពីខែមិថុនា ដើម្បីដំណើរការសេដ្ឋកិច្ចវិញ​បានធ្វើឲ្យហ្វីលីពីនប្រឈមនិងការឆ្លងកើនឡើង៦ដង សរុបមានអ្នកឆ្លង 112.593នាក់ និងស្លាប់ ២១០០នាក់ផងដែរ។
ក្រសួងសុខាភិបាលហ្វីលីពីនបានប្រកាសនៅថ្ងៃទី ៤ខែសីហា ថា ក្នុងរយៈពេល​២៤ម៉ោង​ រកឃើញអ្នកឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅ 6.352 ជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន មិន​ត្រឹមតែនៅក្នុងប្រទេសហ្វីលីពីននោះឡើយគឺនៅតំបន់អាស៊ានទាំងមូល៕

ដោយ៖ធី រីណា


ចែករំលែក៖