ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថចុះល្បាតប្រទះឃើញឈើស្រឡៅជាច្រើនដុំក៏បានប្រមូលនិងដឹកជញ្ជូនយកមករក្សាទុក

ចែករំលែក៖

ខេត្តក្រចេះ៖ ឈើស្រឡៅប្រភេទលេខ១ដែលអារច្រៀកជាឡាំងបួនជ្រុងជាច្រើនដុំត្រូវបានកម្លាំងកងរាជអាវុធហត្ថអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីសាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះចុះល្បាតនៅតាមគោលដៅប្រទះឃើញក៏ធ្វើការប្រមូលដឹកជញ្ជូនយកទៅរក្សាទុក។

ការល្បាតប្រទះឃើញឈើជាច្រើនដុំនោះក្រុមការងារទទួលបទបញ្ជាទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ លោក ម៉ក់ ពីយុទ្ធ អនុប្រធានមន្ទីរទទួលបន្ទុកបង្រ្កាបបទល្មើសធនធានធម្មជាតិប្រចាំស្រុកស្នួល នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០បានបញ្ជាក់ថា គឺជាឈើល្មើសច្បាប់ដែលក្រុមជនខិលខូចបម្រុងលួចដឹកយកទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងនានានៅតាមបន្ទាត់ព្រំដែនឃុំគ្រញូងសែនជ័យហើយជាចៃដន្យក្រុមល្បាតបានប្រទះឃើញ។

ប្រភពបានឱ្យដឹងថា ឈើដែលប្រទះឃើញនោះជាប្រភេទលេខ១ស្រឡៅអារច្រៀកជាឡាំងបួនជ្រុងមានចំនួន១៧ដុំ មុខកាត់៣០សង់ទីម៉ែត្រទៅ៤០សង់ទីម៉ែត្រ ប្រវែងពី២ម៉ែត្រទៅ៣ម៉ែត្រ។ឈើទាំងនោះគឺក្រុមឈ្មួញដឹកយកមកលាក់ទុកនៅក្រោយក្រុមហ៊ុនចម្ការកៅស៊ូកម្ពុជា-វៀតណាមនៅចំណុចគីឡូម៉ែត្រ១២៣ចាស់ ស្ថិតនៅក្នុងភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យស្រុកស្នួល ខេត្តក្រចេះដែលទុកបម្រុងដឹកចេញឆ្លងទៅលក់នៅប្រទេសវៀតណាម។

កម្លាំងបានដឹកជញ្ជូនវត្ថុតាងឈើស្រឡៅទាំង១៧ដុំនោះយកទៅរក្សាទុកនៅស្នាក់ការសន្តិសុខកងរាជអាវុធហត្ថ៧០៩ដើម្បីបន្តតាមនីតិវិធីនៃច្បាប់ព្រៃឈើ៕ដោយ៖ជីវ័ន្ត


ចែករំលែក៖