ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យខាងលើនេះធ្វើសកម្មភាពវាយស្ត្រីម្នាក់យកកាបូបលុយ ខណៈគាត់កំពុងជិះម៉ូតូយប់ស្ងាត់ម្នាក់ឯង កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទី នៅចំណុចផ្លូវបេតុង មុខខ្ទមអ្នកតាស្ថិតក្នុងភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល ដែលការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យ២នាក់ទី១.ឈ្មោះ អឿន ធីតា ហៅ ចាវ ភេទប្រុស ជនជាតិខ្មែរ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) និងទី២.ឈ្មោះ ផាត ម៉ាញ ភេទប្រុស ជនជាតិខ្មែរ អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ (គេចខ្លួន)។ ជនសង្ស័យទាំង២នាក់នេះមានទីលំនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ខៀវ សារី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល (មានរបួសស្នាមគ្រេចឆ្អឹងត្រគាកនិងស្មា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង)។
ចំណែកសម្ភារបាត់បង់មាន កាបូបស្ពាយពណ៌ខ្មៅ១,ខ្សែក១ខ្សែធ្វើអំពីមាសច្រវាក់ឆាប ទម្ងន់៦ជី, លុយខ្មែរ១៨ម៉ឺនរៀល,លុយដុលា្លរ៤០០ដុល្លារ,ទូរស័ព្ទ១គ្រឿងនិងឯកសារមួយចំនួន។
ចំពោះវត្ថុតាងចាប់យកមាន៖ប្រាក់រៀលចំនួន១០១.០០០រៀល(របស់ជនសង្ស័យ),ទូរស័ព្ទ១គ្រឿង(របស់ជនសង្ស័យ)និងកាបូបលុយពណ៌ខ្មៅ១(របស់ជនសង្ស័យ)។
ប្រភពដដែលបន្តថា កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូម៉ាកឡេតតែម្នាក់ឯងដើម្បីទៅហៅប្តីកំពុងផឹកស៊ីជាមួយមិត្តភក្តិនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ក្នុងគោលបំណងបបួលប្តីជិះម៉ូតូដើរលេងនៅសួនច្បារមាត់ទន្លេតាខ្មៅខណៈទៅដល់បានជួបប្តីហើយ តែប្តីមិនព្រមទៅនៅជាប់រវល់ផឹក។ ម៉្យាងទៀត យប់ជ្រៅផងក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះតែម្នាក់ឯងវិញ តែនៅពេលជិះមកដល់ផ្លូវកែងក្បែររោងអ្នកតាភូមិព្រែកហូរកើត១ ស្រាប់តែឃើញជនសង្ស័យ២នាក់ខាងលើ ជិះម៉ូតូ១គ្រឿងម៉ាកwave ហើយបិទភ្លើងតាមពីក្រោយ រួចក៏បានធាក់ម៉ូតូជនរងគ្រោះបណ្តាលឲ្យដួល រួចនាំគ្នាដណ្តើមយកកាបូបលុយរបស់ជនរងគ្រោះ ជិះគេចខ្លួនបាត់ទៅ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង ។ លុះមកដល់ថ្ងៃទី៥ ខែសីហាឆ្នាំ២០២០កម្លាំងនគរបាលប៉ុស្តិ៍ព្រែកហូរធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី៕ដោយ៖ស្អាងជ័យ