ព័ត៌មានទាន់ហេតុការណ៍៖

ការផ្ទុះសារធាតុAmmonium nitrate នៅលីបង់មិនមែនជាលើកទីមួយឡើយ ប្រទេសជាច្រើនក៏មានករណីផ្ទុះសម្លាប់មនុស្សជាច្រើនផងដែរ

ចែករំលែក៖

អន្តរជាតិ៖ ក្រោយការផ្ទុះសារធាតុ ​Ammonium nitrate យ៉ាងខ្លាំងនៅទីក្រុង Beirut ​ប្រទេសលីបង់ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាង​៥ពាន់នាក់មក គឺនេះមិនមែនជាករណីលើកទីមួយនោះឡើយ​ កន្លងមក ក៏មានការផ្ទុះយ៉ាងខ្លាំងពាក់ព័ន្ធនិឹងសារធាតុ​ammonium nitrate នោះដែរ​។
សារធាតុគីមី ammonium nitrate ឬហៅថា NH4-NO3 អាចបង្កឲ្យមានការផ្ទុះយ៉ាងខ្លាំង​ គេតែងតែប្រើប្រាស់វាក្នុងវិស័យឧស្សាហកម្មផលិតជីកសិកម្ម និងផលិតរំសេវផ្ទុះ​។ នៅក្នុងអតីតកាល ក៏មានករណីផ្ទុះជាទ្រង់ទ្រាយធំ បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើនដែរ ដោយសារតែសារធាតុ​NH4-NO3។
ការផ្ទុះនៅ Tianjin ប្រទេសចិនឆ្នាំ​២០១៥កាលពីថ្ងៃទី​១២ខែសីហា ឆ្នាំ ២០១៥ ឃ្លាំងឧស្សាហកម្មនៅទីក្រុង​Tianjin ប្រទេសចិន​បានជួបគ្រោះអគ្គិភ័យ ហើយបានផ្ទុះយ៉ាងខ្លាំង​បណ្តាលឲ្យក្រុមពន្លត់អគ្គិភ័យ ១១០នាក់និងពលករ​៥៥នាក់ស្លាប់ ក្រៅពីនេះក៏មានពលរដ្ឋ​៧៩០នាក់រងរបួស​ផងដែរ។
មន្ត្រីជំនាញបានបញ្ជាក់ថា ការផ្ទុះបង្កឡើងដោយសារធាតុគីមី ​Ammonium nitrate និងសារធាតុsodium cyanide។ ការផ្ទុះបង្កឲ្យខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់ជាង​១,៥ពាន់លានដុល្លារ​។
ការផ្ទុះយ៉ាងខ្លាំងនៅទីក្រុង​Ryongchon កូរ៉េខាងជើង កាលពីឆ្នាំ​២០០៤រថភ្លើងដឹកជីកសិកម្ម ដែលមានសារធាតុ ​​Ammonium nitrate ​បានផ្ទុះនៅស្ថានីយរថភ្លើង Ryongchon កូរ៉េខាងជើងកាលពីចុងខែមេសាឆ្នាំ​២០០៤។ ការផ្ទុះនោះ បណ្តាលឲ្យមានមនុស្ស​១៦២នាក់ស្លាប់ និង ជាង​៣០០០នាក់រងរបួស ហើយបំផ្លាញផ្ទះសម្បែងនៅក្បែរនោះ​ ធ្វើឲ្យពលរដ្ឋរាប់សិបពាន់នាក់គ្មានផ្ទះសម្បែងរស់នៅ។
សោកនាដកម្មនៅតិចសាស់សហរដ្ឋអាមេរិកឆ្នាំ​១៩៤៧
នៅតំបន់ឧស្សាហកម្មដែលមានអ្នកស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក​ គឺស្ថិតនៅរដ្ឋតិចសាស់ កាលពីថ្ងៃទី​១៦ ខែមេសា ឆ្នាំ​១៩៤៧​។ ការផ្ទុះកើតឡើង ដោយសារតែអចេតនា ដោយមានមនុស្សម្នាក់គប់កន្ទុយបារីនៅលើរថភ្លើងSS Grandcamp ដឹកសារធាតុ ​​Ammonium nitrate ​ដល់ទៅ​២៣០០តោន។ ការផ្ទុះនោះបានបំផ្លាញរថភ្លើង និងរោងចក្រប្រេងនៅក្បែងនោះ​។ ជាលទ្ធផល មានមនុស្ស ៥៨១នាក់ស្លាប់ និង៣៥០០នាក់រងរបួស​។
ក្រៅពីនេះនៅមានករណីផ្ទុះនៅអាល្លឺម៉ង់ នាថ្ងៃទី ២១ខែកញ្ញា​ឆ្នាំ​១៩២១ បណ្តាលឲ្យមានអ្នកស្លាប់​៦០០នាក់និងរបួស២០០០នាក់ ។ ផ្ទុះនៅអង់គ្លេស ឆ្នាំ​១៩១៦ សម្លាប់មនុស្ស​១១៥នាក់ និងរបួសរាប់រយនាក់​៕ដោយ៖ធី រីណា


ចែករំលែក៖