ថ្ងៃមួយ ទន្សាយស្វែងរកចំណីអាហារ បានប្រទះគល់ត្រាចមួយ ដែលគេទើបនឹងកាប់ថ្មី ៗ មានជ័រកកស្អិតតតាត់ ទន្សាយលោតផ្លោតអង្គុយពីលើជ័រ ជាប់គូទនិងជើងរើពុំរួច នៅនឹងថ្កល់លើគល់ត្រាចនោះ ។ ជួនជាពេលនោះ មានកូនដំរីមួយ វាដើរទៅរកផឹកទឹក នៅក្នុងត្រពាំងក្បែរគល់ត្រាចនោះ ដែលជាកន្លែងវាធ្លាប់ផឹករៀងរាល់ថ្ងៃ ។ ទន្សាយមានប្រាជ្ញា ក៏និយាយបន្លាចថា “នែ ! អាកូនដំរី ! កុំមកផឹកទឹករបស់អញ ទឹកនេះព្រះឥន្ទ្រលោកឲ្យអញមកចាំយាមទេ ”ឯកូនដំរីខ្លាចមិនហ៊ានផឹក ក៏ត្រឡប់ទៅប្រាប់មេវាថា “ម៉ែអើយ ! ខ្ញុំទៅផឹកទឹកត្រពាំងនោះ ស្រាប់តែឃើញសត្វអីមួយអង្គុយលើគល់ឈើ វាដេញខ្ញុំមិនឲ្យផឹកទឹកអូរ វាថាខ្លួនវាជាបម្រើរបស់ព្រះឥន្ទ្រ ខ្ញុំស្រេកទឹកណាស់ម៉ែ ! ” ។ មេដំរីឮកូនប្រាប់ដូច្នោះ នឹកខឹងក៏នាំកូនត្រឡប់មកត្រពាំងទឹកវិញ ឃើញទន្សាយអង្គុយលើគល់ឈើ ក៏ស្រែកគំរាមឡើងថា “យើ ! អាសត្វទន្សាយច្រមក់ ចិត្តអាក្រក់មកពីណាអង្គុយច្រងក់លើគល់ឈើនេះ ? ឯងមានអំណាចអីមកហាមប្រាម មិនឲ្យកូនអញចុះផឹកទឹកនេះ អញជាន់អាឯងខ្ទេចក្បាលឥឡូវ”។ ទន្សាយឆ្លើយឡើងថា “យើ ! មីស្បោងធំ ហងឯងហ៊ានមកស្ដីឲ្យអញ ទឹកត្រពាំងនេះ ព្រះឥន្ទ្រលោកប្រើអញឲ្យ មកចាំយាម បានជាអញហ៊ានហាម ” ។ ដំរីខឹងទន្សាយជេរដូច្នោះ ក៏ស្ទុះភ្លែតទៅបួងខ្លួនទន្សាយជាប់ ភើចចេញពីគល់ត្រាចប្រាថ្នានឹងបោកសម្លាប់ ។ ទន្សាយភ័យណាស់ក៏ស្រែកថា “ បើហងឯងបោកអញសម្លាប់ កុំបោកទៅក្រោមអញមិនស្លាប់ទេ គ្រវែងទៅលើវិញ ទើបអញស្លាប់ ។ ដំរីខ្វះប្រាជ្ញា ឮទន្សាយថាដូច្នោះ ក៏គ្រវែងទន្សាយទៅលើ ។ ឯទន្សាយកាលបានធ្លាក់ដល់ដី ក៏បោលប្រូចចូលព្រៃបាត់ទៅ ៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)