ខេត្តព្រៃវែង៖ នាថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០
លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែងបានអញ្ជើញក្នុងពិធីបើកកម្មវិធីប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២០ នៅទីលានប្រកួតគណបក្សខេត្តព្រៃវែង។
យោងតាមរបាយការណ៍ លោក ប៉ាវ សុធី ប្រធានគណៈកម្មាធិការបច្ចេកទេសរៀបចំការប្រកួត បានឲ្យដឹងថា៖ កីឡាករដែលចូលរួមការប្រកួតមានចំនួនសរុបកើនជាងឆ្នាំមុនៗរហូតដល់៤៥ក្រុមផងដែរ លោកជា សុមេធី បានសម្តែងនូវការកោតសរសើរ អបអរសាទ និងវាយតម្លៃខ្ពស់ចំពោះក្រុមកីឡាករដែលចូលរួមប្រកួតនាពេលនេះ។
សូមបញ្ជាក់ផងដែរថា វិស័យកីឡាប៉េតង់នេះ ធ្វើឡើងក្នុងគោលបំណងជ្រើសរើសជើងឯកប្រចាំឆ្នាំសិក្សា សម្រាប់មន្ទីរអប់រំ យុវជន និងកីឡាខេត្តផង និងដើម្បីជ្រើសរើសកីឡាករ កីឡាការីនី ដែលមានសមត្ថភាព ទេពកោសល្យ និងបច្ចេកទេសល្អៗ យកទៅចូលរួមប្រកួតកីឡាសិស្សមធ្យមសិក្សា នៅថ្នាក់ជាតិ ដែលក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងរៀបចំធ្វើនៅពេលឆាប់ៗខាងមុខនេះ។
ជាចុងក្រោយ ជា សុមេធី សូមជូនពរកីឡាករទាំងអស់ទទួលបានជោគជ័យ និងសូមអោយបងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែងបន្តចូលរួមស្រឡាញ់ គាំទ្រ លេងកីឡា ដើម្បីសុខភាពល្អ និងសាមគ្គីភាពក្នុងស្មារតីខ្មែរតែមួយ៕
ដោយ៖ សិលា