ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាប្រារព្ធពិធីរាប់ថយក្រោយ ១០០០ថ្ងៃ ឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ៖  គណៈកម្មាធិការជាតិរៀបចំ​ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានប្រារព្ធពិធីប្រកាសពានរង្វាន់ជូនជ័យលាភីស្លាកសញ្ញា និមិតសញ្ញារូបសត្វតំណាង និងការរាប់ថយក្រោយ១០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយពិធីដ៏ឱឡារិកនេះ ត្រូវបានប្រារព្ធធ្វើឡើង នៅល្ងាចម៉ោង៥ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។

លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC ថ្លែងថា ៖ ស្លាកសញ្ញា និមិត្តសញ្ញារូបសត្វតំណាង និងបាវចនា (ឬពាក្យស្លោក) បានឆ្លងកាត់ការពិភាក្សាជាច្រើនលើករបស់គណៈអចិន្ត្រៃយ៍ CAMSOC ហើយសម្រេចបានកាលពីថ្ងៃទី២ ខែកក្កដា ឆ្នំា២០២០ នៅក្នុងកិច្ចប្រជុំធំប្រចាំឆមាសទី១នូវជ័យលាភីស្នាដៃ ដែលម្ចាស់ជ័យលាភីទាំងពីររូបទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ក្នុងម្នាក់ៗ ២០លានរៀល នាពេលនេះ។ 

លោកបណ្ឌិត ថោង ខុន បានពន្យល់អំពីបាវចនា ឬពាក្យស្លោក នៃស៊ីហ្គេម ឆ្នាំ២០២៣ គឺ «កីឡារស់ក្នុងសន្តិភាព-SPORT LIVE IN PEACE» ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅនៃគុណតម្លៃដ៏ធំធេងនៃសន្តិភាព ហើយខ្លឹមសារនៃស្លាកសញ្ញា និមិត្តសញ្ញា បានបង្កប់នូវអត្ថន័យ អត្ថរូបចំពោះថាមពលនៃវប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិដ៏ត្រចះត្រចង់របស់ខ្មែរគ្រប់ជំនាន់។

នៅក្នុងរូបនាគព័ន្ធបានបង្ហាញនូវស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍ ដែលជា សមាជិកស៊ីហ្គេម។ រីឯរូបតំណាង (Mascot) ជាសុភាទន្សាយញីឈ្មោល ដែលមានឈ្មោះថា បុរី និងរំដួល ដែលតួអង្គតំណាងទាំងពីរបង្ហាញនូវស្នាមញញឹមរួសរាយរាក់ទាក់ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូជាភ្ញៀវស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ សម្លៀកបំពាក់នៃរូបនិមិត្តសញ្ញា គឺជាកីឡាករ កីឡាការិនីគុនល្បុក្កតោ ដែលជាប្រភេទកីឡាអត្តសញ្ញាណជាតិ ដោយកំពុងស្នើសុំចុះបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ថ្ងៃនេះគឺជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែល CAMSOC បានរៀបចំពិធីរាប់ថយក្រោយ ១០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ យើងនៅសល់តែ១០០០ថ្ងៃតែ ប៉ុណ្ណោះ ដែលកម្ពុជាកំពុងរៀបចំនូវដំណើរការជាបន្តបន្ទាប់ឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ១០០០ថ្ងៃ គឺជាពេលវេលាដ៏មានតម្លៃបំផុត ក្នុងការត្រៀមខ្លួនរបស់គណៈកម្មការជំនាញ និងភាគីពាក់ព័ន្ធ។ CAMSOC កំពុងធ្វើដំណើរដោយស្វាហាប់ ក្នុងការបង្កើនគុណភាពបច្ចេកទេសឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ដើម្បីជំរុញល្បឿនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទាំងប្រទេស សម្តេចបានស្នើអភិបាលរាជធានីខេត្តទាំងអស់ ដែលជាអនុប្រធាន CAMSOC ស្តីពីការចូលរួមការពារកម្មសិទ្ធិបញ្ញា ស្លាកសញ្ញា និមិត្តសញ្ញារូបសត្វតំណាង ដែលជាទ្រព្យសម្បត្តិរបស់ CAMSOC ដែលមិនអាចឲ្យជនណា ឬក្រុមណាមួយអាចយកទៅប្រើប្រាស់ ដោយគ្មានការអនុញ្ញាតនោះឡើយ។ សម្តេចប្រធាន CAMSOC ផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ឲ្យលោក លោកស្រីដែលជាអភិបាលរាជធានី-ខេត្តទាំងអស់ ដែលជាអនុប្រធាន CAMSOC ត្រូវចាប់ផ្តើមប្រើប្រាស់ស្លាកសញ្ញា និមិត្តសញ្ញាផ្សព្វផ្សាយការយល់ដឹងពីការរៀបចំស៊ីហ្គេមរបស់កម្ពុជា ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយភ្ជាប់ជាមួយនឹងយុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខ កម្ពុជាស្អាត និងបដិសណ្ឋាកិច្ចល្អ កាត់បន្ថយគ្រឿងញៀន កាត់បន្ថយគ្រោះថ្នាក់ចរាចរ។

អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចប្រធាន CAMSOC រួមមាន៖ 

ទី១ ចូលរួមថែរក្សាការពារកម្មសិទ្ធិបញ្ញាស្លាកសញ្ញា និមិត្តសញ្ញា។ 

ទី២ សហការជាមួយអគ្គលេខាធិការដ្ឋាន យកស្លាកសញ្ញា និមិត្តសញ្ញាទៅរៀបចំបោះពុម្ពផ្សាយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយភ្ជាប់ជាមួយនូវខ្លឹមសារនៃបាវចនា កីឡារស់ក្នុងសន្តិភាព និងខ្លឹមសារ «យុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខ កម្ពុជាស្អាត និងបដិសណ្ឋាកិច្ចល្អ កាត់បន្ថយគ្រឿងញៀន កាត់បន្ថយគ្រោះថ្នាក់ចរាចរ»។ 

ទី៣-អាជ្ញាធររាជធានី-ខេត្ត រៀបចំធ្វើស្លាកប៉ាណូធំៗនូវស្លាកសញ្ញា និមិត្តសញ្ញា នៅតាមសួនសាធារណៈយ៉ាងហោចណាស់ឲ្យបានមួយ ចាប់ពីពេលនេះតទៅ។ ជាមួយគ្នានោះ សម្តេចប្រធានក៏បានឲ្យបោះពុម្ពនូវស្លាកសញ្ញានៅកន្លែងហ្វឹកហាត់នៃក្រុមជម្រើសជាតិគ្រប់ប្រភេទកីឡា ដើម្បីជំរុញចិត្តសាស្ត្រកីឡារបស់ក្រុមអត្តពលិកជម្រើសជាតិឆ្ពោះទៅដណ្តើមភាពជោគជ័យជាប្រវត្តិសាស្រ្តក្នុងឋានៈជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣៕

ដោយ៖ សិលា


ចែករំលែក៖