ខេត្តសៀមរាប៖ បើតាមអ្នកស្រី ព្រឿន ពេជ្រ ជាកសិករនៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង បានឲ្យដឹងនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះថា កាលពីឆ្នាំ២០១៩ ការដាំដំណាំស្លឹកគូឆាយ ពួកគាត់អាចលក់ឱ្យអ្នកកុម្ម៉ង់ទិញចាប់ពី៦០គីឡូក្រាមទៅ១០០គីឡូក្រាមក្នុងមួយថ្ងៃៗ ដែលអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានល្អប្រសើរ ។ ចំពោះស្លឹកគូឆាយក្នុងមួយគីឡូក្រាមអាចលក់បានពី ២៥០០រៀល ទៅ៤០០០រៀល ហើយមានស្លឹកគូឆាយប៉ុន្មាន គឺអ្នកកុម្ម៉ង់ទិញយកទាំងអស់ ។ ក្នុងនោះដែរ ស្លឹកគូឆាយនេះងាយស្រួលដាំ ដោយប្រើរយ:ពេល១៥ថ្ងៃអាចទទួលបានផលហើយ ប៉ុន្ដែក្រោយពេលមានបញ្ហាជំងឺកូវីដ-១៩នេះ ពួកគាត់បានបាត់បង់ទីផ្សារគួរឱ្យព្រួយបារម្ភ ខណៈក្នុងអំឡុងពេលកូវីដ-១៩នេះ គ្មានមុខរបរផ្សេងទៀតក្រៅពីដំណាំស្លឹកគូឆាយនេះទេ ។
កសិករមួយរូបទៀត អ្នកស្រី ព្រឿន ស្រី បានឱ្យដឹងដែរថា កាលពីស្លឹកគូឆាយមានទីផ្សារគ្រប់គ្រាន់ គឺគ្មានប្រជាកសិករធ្វើចំណាកស្រុកទេ ពោលកសិករមានការងារធ្វើគ្រប់គ្រាន់ក្រៅពីធ្វើស្រែដែលធ្វើឱ្យប្រជាកសិករមានជីវភាពគ្រួសារល្អប្រសើរ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ពោលគឺចាប់ពីជំងឺកូវីដ-១៩នេះផ្ទុះឡើង ភ្ញៀវទេសចរក៏បាត់បង់ ទីផ្សារស្លឹគូឆាយក៏ធ្លាក់ចុះដែរ ព្រោះស្លឹកគូឆាយជាប្រភេទដំណាំម្យ៉ាង ដែលភាគច្រើនភ្ញៀវទេសចរបរទេសចូលចិត្ដទទួលទាន ។
អ្នកស្រីបានបន្ដថា ៖ ការធ្លាក់ចុះទីផ្សារស្លឹកគូឆាយនេះ បានធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាកសិករផងដែរ ដោយពួកគាត់អំពាវនាវដល់អាជ្ញាធរមេត្តាជួយធ្វើយ៉ាងណាបង្កើតទីផ្សារនេះឡើងវិញ ដើម្បីជួយសម្រួលជីវភាពគ្រួសារកសិករ ។
សូមជម្រាបជូនថា កាលពីពេលថ្មីៗកន្លងទៅ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា ភូមិគោកស្រុក ជាភូមិមួយ ស្ថិតក្នុងឃុំរលួសមានផ្ទៃដីសរុបចំនួន២៦៥ហិកតា មានប្រជាពលរដ្ឋ សរុបចំនួន៣០១ គ្រួសារ និងមានពលរដ្ឋសរុបចំនួន ១២៥៩នាក់ ស្រី៦៨៨នាក់ ។ ពលរដ្ឋនៅក្នុងភូមិនេះភាគច្រើនមានមុខរបរកសិកម្ម ដាំដុះជាលក្ខណៈគ្រួសារ ក្នុងនោះក៏មានដាំស្លឹកគូឆាយ និងធ្វើនំគូឆាយ ដើម្បីផ្គត់ផ្គង់លើទីផ្សារក្នុងក្រុងសៀមរាបនិងបណ្ដាស្រុកមួយចំនួនទៀតផងដែរ៕
ប្រភព៖ ទទក