ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ មិនទាន់ហួសពេលការប្រារព្ធបុណ្យចូលឆ្នាំ

ចែករំលែក៖

ក្នុងនាមខ្ញុំជាប្រជាជនម្នាក់ សូមសម្តែងការគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុនសែន ដែលមានឆន្ទះប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ដោយតម្រូវអោយមន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន កម្មករតាមរោងចក្រនិងប្រជាពលរដ្ឋមិនបាច់ឈប់សម្រាកធ្វើពិធីចូលឆ្នាំថ្មីខាងមុខនេះទេ។
ការសម្រេចចិត្តរបស់សម្តេចតេជោមិនមែនមានន័យថាចង់លុបបំបាត់ទំនៀមទម្លាប់ប្រពៃណីសាសនាស្អីនោះទេ ការពិតនេះជាឆន្ទះចម្បងដែលកម្ពុជាចូលរួមជាមួយប្រជាជនលើពិភពលោកក្នុងការមិនប្រមូលផ្តុំគ្នានាំអោយចម្លងជំងឺកាចសាហាវពីមនុស្សម្នាក់ទៅម្នាក់។
ដូចយើងបានដឹងហើយថាវីរុសកូវីដ-១៩គឺជាមេរោគដែលចម្លងងាយបំផុតតាមរយ:ការប៉ះពាល់គ្នាជាពិសេសនៅទីប្រជុំជនដែលសម្បូរដោយមនុស្សអ៊ូអរ។
ដូច្នេះបើយើងកត់សម្គាល់នៅស្រុកខ្មែរយើងអោយតែមានពិធីបុណ្យទានផ្សេងៗដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ឬរៀបមង្គលការជាដើម ប្រជាជនយើងតែងជួបជុំគ្នាទៅវត្តអារាមយ៉ាងណែនណាន់តាន់តាប់និងបើរៀបមង្គលការវិញតែងពពាក់ពពូនលើកកែវស្រាអុកស្វាគមន៍គ្នាឬចាប់ដៃអោបកគ្នាដែលធ្វើអោយងាយស្រួលបំផុតសម្រាប់ឆ្លងមេរោគកូវីដ-១៩ស្អីគេនេះ។ទាំងនេះនៅមិនទាន់គិតការជួបជុំក្នុងលក្ខណ:គ្រួសារដែលគ្រួសារខ្លះមកពីបរទេសឬមកពីចំណាកស្រុករមែងចាប់ដៃឬអោបគ្នាដោយក្តីនឹករលឹកហើយវារិតតែធ្វើអោយមានចម្លងរោគកាន់តែខ្លាំងថែមទៀត។
ខ្ញុំយល់ថាការផ្អាកពិធីចូលឆ្នាំមួយរយ:នេះមិនហួសពេលទេ ព្រោះប្រមុខរដ្ឋាភិបាលបានគិតគូររួចហើយនៅពេលណាចាកផុតពីជំងឺកូវីដ-១៩នឹងអនុញ្ញាត
អោយឈប់សម្រាកសងវិញដល់ទៅ៥ថ្ងៃឬលើសពីនេះទៅទៀតនោះ។ការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាល គឺជាការគិតគូរលើកកម្ពស់ដល់ជាតិនិងប្រជាជនខណ:ដែលប្រទេសជាតិនិងពិភពលោកកំពុងជួបហានិភ័យដោយវីរុសកូវីដ១៩ប៉ុណ្ណោះ។មិនហួសពេលទេការប្រព្រឹត្តតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ អោយតែយើងទាំងអស់គ្នាចូលរួមប្រឆាំងនិងទប់ស្កាត់មេរោគចង្រៃនេះអោយបានតាមរយ:អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ប្រជាពលរដ្ឋនៅភ្នំពេញម្នាក់


ចែករំលែក៖