ទ្រឹស្តីចាស់បុរាណលើកឡើងថា ឮនឹងត្រចៀក១០ដង មិនស្មើបានឃើញម្តង ដែលទ្រឹស្តីនេះនាយជាលយល់ឃើញថាមិនខុសទេ ជាពិសេសសភាពការណ៍បច្ចុប្បន្ននៅកម្ពុជាដែលក្រុមប្រឆាំងនៅក្រៅប្រទេសប្រឹងស្រែកកោកៗ បន្តុះបង្អាប់ ការរីកចម្រើនរបស់ប្រទេសមួយនេះពីចំណុចសូន្យ រហូតមានហេដ្ឋារចនាសម័ន្ធយ៉ាងច្រើនស្អេកស្កះ ។ ជាមួយនេះដែរក្រុមប្រឆាំងផ្កាប់មុខ ដែលសប្បាយនឹងសហគមន៍អ៊ឺរ៉ុប ផ្តាច់ប្រព័ន្ធEBA ចំនួន២០ភាគរយពីកម្ពុជា លើគំនរទុក្ខប្រជាពលរដ្ឋជាពិសេសកម្មកររោងចក្រនោះ កំពុងលងបន្លាញមិនឲ្យបរទេសចូលមកកម្ពុជាដោយបំប៉ោងសភាពការណ៍ថាកម្ពុជាអស្ថិភាព និងមិនគោរពសិទ្ធិមនុស្ស ។
ការបំប៉ោងសភាពការណ៍ទាំងងើលនេះធ្វើឲ្យពលរដ្ឋខ្មែរនៅកាណាដាមួយចំនួន ដែលបានចូលមកកាន់ប្រទេសកម្ពុជា តាមនាវាទេសចរណ៍ Westerdam ភ្ញាក់ខ្លួនព្រើតដោយបានអះអាងថា ពួកគាត់បានមើលឃើញកម្ពុជាពេលនេះរីកចម្រើនច្រើនហួសពីការស្មាន មិនដូចការលាបពណ៌ បំប៉ោង នៅក្រៅប្រទេសនោះឡើយជាពិសេសក្រុមរបស់សម រង្ស៊ី តែម្តង។ នាយជាលបានឮ ពលរដ្ឋខ្មែរកាណាដាទាំងនោះ បានប្រាប់ទៅក្រុមប្រឆាំងផ្កាប់មុខដែលនៅក្រៅប្រទេសមួយចំនួននោះ ឱ្យជិះយន្តហោះមកមើលកម្ពុជាជាក់ស្តែង ហើយឈប់ជឿលើការលាបពណ៌អាក្រក់ពីកម្ពុជាតទៅទៀត។ បានន័យថាឮ១០ មិនស្មើមើលឃើញម្តងដូចពួកគាត់នាពេលនេះទេ ។
អ្វីដែលកាន់តែអស្ចារ្យទៀតនោះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខណៈនៅលើពិភពលោកកំពុងជ្រួលច្របល់ការឆ្លងវីរុស Covid-19 ឬ កូរ៉ូណា តែសម្តេចតេជោបានធ្វើឲ្យពិភពលោកទាំងមូលឃើញពីជំហរមនុស្សធម៌របស់រាជរដ្ឋាភិបាលកម្ពុជាដែលមិនរើសជាតិសាសន៍ គ្រាដែលនាវាយក្ស Westerdam របស់សហរដ្ឋអាម៉េរិកមានអ្នកធ្វើដំណើរជាង២០០០នាក់ជិះនៅលើនោះ មិនត្រូវបាន កោះ និងប្រទេសចំនួន៦ អនុញ្ញាតឲ្យចូលចតព្រោះខ្លាចឆ្លង ឆ្លងវីរុស Covid-19 តែកម្ពុជាមានជំហរត្រូវតែសង្រ្គោះមនុស្សជាតិអនុញ្ញាតឲ្យនាវាចូលសំចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ។ ដូច្នេះការសម្រេចចិត្តរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាបានធ្វើឲ្យពិភពលោកចាត់ទុកជាគំរូដ៏អស្ចារ្យ នៃការសាមគ្គីភាពនិងជាគំរូ នៃការប្រយុទ្ធប្រឆាំងនឹងការរើសអើង ជាកាយវិការ និងសកម្មភាពក្នុងស្មារតី មនុស្សធម៌យ៉ាងពិតប្រាកដ សូម្បីប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំ ក៏បានបង្ហោះសារមួយតាមបណ្តាញសង្គម Twitter ដោយថ្លែងអំណរគុណកម្ពុជា ចំពោះការអនុញ្ញាតឱ្យ នាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុនេះដែរ ។ ទាំងនេះខុសពីក្រុមប្រឆាំងផ្គាប់មុខដែលមានបុគ្គលសម រង្ស៊ី ជាអ្នកដឹកនាំ អះអាងនិងបំប៉ោងថាកម្ពុជាគ្មានលទ្ធិប្រជាធិបតេយ្យ និងមានការរំលោភសិទ្ធិមនុស្សប្រៀបដូចរបបផ្តាច់ការ ។ សូមមតិជាតិនិងអន្តរជាតិកុំជឿការបំប៉ោងរបស់ក្រុមប្រឆាំងមួយក្តាប់តូចនេះ ព្រោះថាបានឮ១០ មិនស្មើបានឃើញម្តងនោះទេ យកល្អជិះយន្តហោះមកមើលកម្ពុជាម្តងទៅមើល តើដូចក្រុមប្រឆាំងផ្កាប់មុខដែលពួកគេកំពុងសប្បាយនឹងសហគមន៍អ៊ឺរ៉ុប ផ្តាច់ប្រព័ន្ធEBA ចំនួន២០ភាគរយពីកម្ពុជាលើគំនរទុក្ខប្រជាពលរដ្ឋជាពិសេសកម្មកររោងចក្រ ថាដែរឬទេ៕ នាយជាល